Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ នឹងមកដល់កម្ពុជាព្រឹកស្អែក ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ

01-09-2019 11:15

(ភ្នំពេញ)៖ លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោកនឹងជួបប្រជុំទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក មហាធៀរ មហាម៉ាត់ នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) វ័យ៩២ឆ្នាំ បានឈ្នះក្នុងការបោះឆ្នោត កាលពី ពាក់កណ្តាលឆ្នាំ២០១៨ ដោយបានយកឈ្នះលើ គណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។ លោកធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ី អស់រយៈពេល ២២ឆ្នាំផងដែរ៕