(ភ្នំពេញ)៖ នារីម្នាក់បើករថយន្តស៊េរីទំនើប លឿនដូចហោះទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឲ្យ មានអ្នករបួសឡើយ។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-8268 ក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មុខមន្ទីរពេទ្យព្រះកុសុមៈ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរបាំងថ្មរលំបាក់មួយកង់ ចំណែកឯរថយន្តក្រឡាប់ផ្ងារជើង និងមានការឆាបឆេះឡើងយ៉ាងខ្លាំង តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ បាននាំគ្នាយកបំពុងពន្លត់អគ្គីភ័យបាញ់ទើបរលត់។

រីឯអ្នកបើករថយន្ដ និងអ្នករួមដំណើរបាននាំគ្នាលូនចេញពីរថយន្តរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕