(ភ្នំពេញ)៖ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូសហជីព មាតុភូមិនិវត្តន៍វិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅខេត្ត ក្វាងតុង ប្រទេសចិន អស់រយៈពេល១សប្តាហ៍។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធ សហជីព ក្រុង ជុងហៃ សហព័ន្ធ សហជីព ក្រុង ក្វាងចូវ នៃអគ្គ សហព័ន្ធ សហជីព ខេត្ត ក្វាងតុង។
លោក ជួន មុំថុល បានថ្លែងថា គណៈប្រតិភូរបស់លោកបានទៅទីក្រុងប៉េកាំង និងធ្វើទស្សនកិច្ចចំនួន២ខេត្ត ក្រោមការអញ្ជើញរបស់សហជីពចិន ស្របតាមប្រធានបទ «ខ្សែក្រវ៉ាត់ និងផ្លូវ»។ ដំណើរទស្សនកិច្ចនេះ លោកបានជួបថ្នាក់ដឹកនាំ សហជីពចិន នៃទីក្រុងប៉េកាំង និងបានជួបថ្នាក់ដឹកនាំ សហជីពនៃខេត្តទាំងពីរផងដែរ។
ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានផ្លាស់ប្តូរយោបល់គ្នា បទពិសោធន៍ កិច្ចសហប្រតិបត្តិការ ស្របតាមគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ»។
លោកបន្តថា «ទស្សនកិច្ចនេះ បានផ្តល់អត្ថប្រយោជន៍មួយចំនួន ទាក់ទងនឹងរឿងធ្វើយ៉ាងណា ឲ្យកន្លែងការងាររបស់យើងជាកន្លែង សុខដុមនីយកម្ម ផលិតភាព ហើយកាត់បន្ថយបាននូវជម្លោះ រឿងធំឲ្យមកជារឿងតូច ។ នេះជាកិច្ចការសំខាន់ជាច្រើន ដែលយើងបានសិក្សា និងប្រវត្តិសាមគ្គីភាពរវាង កម្ពុជានិងចិន»។
បើតាមលោក ជួន មុំថុល បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់លោក បានសម្រេចលទ្ធផលចំនួន៣។ លោកថ្លែងថា «ទី១៖ យើងនឹងមានការផ្លាស់ប្តូរប្រតិភូជាន់ខ្ពស់ រវាងគ្នានឹងគ្នា១ឆ្នាំម្តង, ទី២៖ ភាគីចិន បានផ្តល់រថយន្ត៤គ្រឿងមកយើង និងទី៣៖ យើងបានពិភាក្សាគ្នា លើគម្រោងចងក្រង»៕