(កណ្តាល)៖ ដើម្បីរួមចំណែកកែលម្អសោភ័ណភាពក្រុងតាខ្មៅ មន្ទីរសាធារណការ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរផ្សេងៗ រួមទាំងមន្រ្តីសង្កាត់ និងប្រជាពលរដ្ឋប្រមាណជាង ៣៥០នាក់ ធ្វើយុទ្ធនាការ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវលេខ២១B ចាប់ពីរង្វង់មូលស្ពានព្រែកសំរោង ត្រើយខាងលិច រហូតដល់គល់ស្ពានព្រែកហូរក្នុងក្រុងតាខ្មៅ។
ការរៀបចំសណ្ដាប់ធ្នាប់ផ្លូវថ្មើរជើង និងសម្អាតតាមផ្លូវជំវិញក្រុងតាខ្មៅនេះ ដឹកនាំដោយ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។ តាមរយៈយុទ្ធនាការ នៅចុងសប្ដាហ៍នេះផ្ទាល់ លោក ម៉ឹង យូឡេង បានបញ្ជាក់ថា មានក្រុមការងារប្រមាណជាង ៣៥០នាក់មកពីមន្ទីនានាជុំវិញខេត្ត និងអជ្ញាធរក្រុងតាខ្មៅ ដោយបែងចែកជា ២ក្រុមផ្សេងគ្នា ក្នុងការរៀបចំ និងសម្អាតតាមដងផ្លូវ។
លោកប្រធានមន្ទីរសាធារណការខេត្តកណ្ដាល បានបន្តថា យុទ្ធនាការនេះនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម និងព្យាយាមបញ្ជ្រាបការយល់ដឹង ពីសណ្ដាប់ធ្នាប់ រួមទាំងបញ្ហាអនាម័យ ដល់ប្រជាពលរដ្ឋកាន់តែច្រើន។ លោកក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋនឹងចូលរួមសហការ ដើម្បីភាពស្អាតរបស់ក្រុង តាខ្មៅទាំងមូល។
ដោយឡែក មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងសកម្មភាពនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងប្តេជ្ញាចូលរួមអនុវត្តសកម្មភាពនេះ ជាបន្តបន្ទាប់ដើម្បីឲ្យទីក្រុងតាខ្មៅ មានសណ្តាប់ធ្នាប់ និងអនាម័យល្អជាដរាប។
សូមបញ្ជាក់ថានេះជាលើកទី៦ហើយ ដែលមន្ទីរសាធារណការ ខេត្តកណ្ដាល សហការជាមួយមន្ទីរផ្សេងៗ រួមទាំងមន្រ្តីក្រុង សង្កាត់ និងប្រជាពលរដ្ឋបានធ្វើយុទ្ធនាការ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវនានាក្នុងក្រុង។
លោកប្រធានមន្ទីរសាធារការ បញ្ជាក់ដែរថា នឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះឈ្មួញរកស៊ីដឹកដី ដឹកខ្សាច់ ដែលបង្ករប៉ះការពាល់ ដល់អ្នកដំណើរដទៃទៀត និងតម្រូវឱ្យការដឹកជញ្ជូនទាំងអស់ ត្រូវគោរពតាមច្បាប់កំណត់៕