Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាស្រី អ៉ឹង និមល បានចូលខ្លួនដោះស្រាយបញ្ចប់បញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខូចខាតរបងផ្ទះ និពន្ធនាយកកាសែតខ្មែរថាមស៍ ម៉ៃ ទិត្យថារ៉ា រួចរាល់ហើយ

31-08-2019 18:54

(ភ្នំពេញ)៖ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែតខ្មែរថាមស៍ បានបញ្ជាក់ឱ្យដឹងថា រហូតដល់ល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ តារាសម្ដែង និងម៉ូដែល អ៊ឹង និមល និងក្រុមគ្រួសារ បានចូលខ្លួនដោះស្រាយបញ្ចប់បញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាក់របងផ្ទះរបស់លោក ក្នុងបុរីលឹមឈាងហាក់ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនោះ រួចរាល់ហើយ។

ការចុះដោះស្រាយនេះ បានធ្វើឡើងនៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្ទះលោក ម៉ៃ ទិត្យថារ៉ា ដោយមានការចូលរួមពីសមត្ថកិច្ចជំនាញនៅមូលដ្ឋានផងដែរ។

លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកខ្មែរថាមស៍ និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាម្ចាស់ពាន់រង្វាន់ផ្នែកព័ត៌មានស៊ើបអង្កេត ដែលទទួលបានពានរង្វាន់ជាង២០ នៅលើឆាកអន្តរជាតិបានថ្លែងថា ទោះជាបញ្ចប់បញ្ហាគ្រោះថ្នាក់ចរាចរណ៍យ៉ាងនេះក្តី ប៉ុន្តែលោកកំពុងពិចារណាលើនីតិវិធីមួយទៀត ចំពោះការ Live វីដេអូរបស់តារារូបនោះ ដែលធ្វើឱ្យប៉ះពាល់ដល់រូបលោក។

គួរបញ្ជាក់ផងដែថា កាលពីវេលារំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយតារាស្រី អ៉ឹង និមល ដែលជាតារាម៉ូដែល និងសម្ដែង។ តារាស្រីបានបើករថយន្តម៉ាក Highlander របស់ខ្លួនពាក់ស្លាកលេខ 2AM 8395 ទៅបុករថយន្តរបស់អ្នកជិតខាងមួយគ្រឿងម៉ាក Pruise ពណ៌ទឹកប្រាក់ បណ្ដាលឲ្យខូចខាតកង់ខាងក្រោយផ្នែកខាងតៃកុង (ឆ្វេង) និងកង់ខាងមុខ។ កម្លាំងនៃការប៉ះទង្គិច ក៏បានបណ្ដាលឲ្យខូចខាតដល់របងផ្ទះលោក ម៉ៃ ទិត្យថារ៉ា៕