(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានកុមារលង់ទឹកជាច្រើនករណីនៅតាមបណ្ដាខេត្ដ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដោយការលង់ទឹក ជាពិសេសយកចិត្តទុកដាក់ ទៅលើកុមារក្នុងរដូវវស្សានេះ។

ប្រសាសន៍ក្រើនរំលឹកដាស់តឿនរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន៖ អ្នកផ្ទុកជំងឺអេដស៍ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងជនពិការ សរុប ១,៧៧១គ្រួសារ ដែលមកពី ៣០ឃុំ ៥ស្រុក (ស្រុកក្រូចឆ្មារ ត្បូងឃ្មុំ តំបែរ ញញាក្រែក និងមេមត់) ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ក៏បានថ្លែងផ្ដាំផ្ញើអាណាព្យាបាលទាំងអស់ថា ត្រូវប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់មើលថែកូនចៅឱ្យបានល្អ និងហាមកូនៗកុំឱ្យទៅលេងទឹក ចៀសផុតពីករណីគ្រោះថ្នាក់ដោយលង់ទឹក ដូចករណីកន្លងមកនៅតាមខេត្ដមួយចំនួន ករណីខ្លះស្លាប់ម្ដងពីរ និង៣នាក់ឯណោះ ដែលជាវិប្បដិសារីមួយដ៏ឈឺចាប់ និងខ្លោចផ្សារបំផុត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រសិទ្ធនាមជាមាតាមនុស្សធម៌ ក៏បានរំលឹកអាណាព្យាបាលទាំងអស់ ត្រូវការពារកូន និងខ្លួនឯងពីជំងឺគ្រុនឈាមផងដែរ ព្រោះបច្ចុប្បន្នជំងឺគ្រុនឈាម មិនមែនកើតមានតែលើកុមារនោះទេ សូម្បីតែមនុស្សចាស់ក៏កើតជំងឺនេះដែរ ឱ្យតែត្រូវមូសខ្លាញីខាំនោះ។ ដូច្នេះត្រូវធ្វើការបោសសម្អាតទីកន្លែងបរិស្ថានរស់នៅ ឱ្យបានស្អាតជានិច្ច មិនត្រូវមានកន្លែងទឹកដក់ថ្លា ដែលជាប្រភព និងជម្រកនៃមូសខ្លា ហើយបើមានអាការៈក្ដៅខ្លួនមិនបាត់ ប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ដើម្បីចៀសផុតគ្រោះថ្នាក់ដល់ជីវិត។

ជាងនេះទៅសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ចេះថែរក្សាសុខភាព រស់នៅស្អាត បរិភោគស្អាត ពិសាទឹកដែលបានដាំឆ្អិនត្រឹមត្រូវ ដើម្បីការពារនូវជំងឺផ្សេងៗរួមមាន ការរាគ ក្អួត ឬជំងឺអាសន្នរោគ ជាងដើម ដែលបណ្តាលឱ្យខាតបង់ថវិកា ពេលវេលាមើលថែ ជាពិសេសឈានដល់គ្រោះថ្នាក់ដល់ជីវិត។

សម្រាប់ស្ត្រីមានផ្ទៃពោះវិញ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងហោចណាស់ឱ្យបាន ៤ដងមុនពេលសម្រាល និងត្រូវទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។ ចំពោះស្ត្រីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាពនិងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគអេដស៍ពីដៃគូរបស់ខ្លួន។ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ សូមមេត្តាកុំចម្លងទៅអ្នកដទៃ និងត្រូវដើរតួជាអ្នកជួយអប់រំដល់បងប្អូន មិត្តភក្តិរបស់ខ្លួន ក្នុងការប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នេះ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ស្នើប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សជាដើម និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើដំណើរ ហើយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការអធ្យាស្រ័យគ្នា និងជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់ខ្លួន និងអ្នកជុំវិញខ្លួនយើងផងដែរ៕