(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ សុជាតិ អាយុ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេ បានខ្ចីម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ1HE-8168 របស់ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជាមិត្តភក្តិធ្វើការជាមួយគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយប្រាប់ថាជិះយកទៅដក់លុយនៅធនាគារ អេស៊ីលីដា មួយភ្លែត តែរូបគេបានជិះទៅណាហ្កាវើល ហើយយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំបានតម្លៃ៨០០ដុល្លារអាមេរិក ហើយរូបគេបានយកលុយនោះទៅលេងល្បែងហ្គេមបាញ់ត្រី នៅកោះពេជ្រ ចាញ់អស់។
បន្ទាប់មករូបគេ បានគេចខ្លួនទៅពួនសម្រាក់នៅផ្ទះរបស់មិត្តភក្តិរបស់រូបគេ នៅម្តុំវិមានឯករាជ្យ ព្រមទាំងបិទទូរស័ព្ទ ដើម្បីកុំឲ្យជនរងគ្រោះខលចូល និងរករូបគេឃើញ តែទោះបីខំលាក់ខ្លួនយ៉ាង ក៏រូបគេនៅតែត្រូវបានសម្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕