(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ប្រធានសហភាពសិទ្ឋិកម្មករកម្ពុជា-CCWR ប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា-CLUF និងជាអនុប្រធានក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងថា បន្ទាប់ពីច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាបានចូលជាធរមានរួចមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំប្រជុំលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រកាសនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអណត្តិទី១ និងបោះឆ្នោតជ្រើសរើសអនុប្រធាន២រូប។
លទ្ធផល នៃការបោះឆ្នោត គឺលោក សោម អូន ជាប់ជានុប្រធានតំណាងឲ្យភាគីកម្មករនិយោជិត និងលោកឧកញ៉ា ណាំង សុធី ជាប់ជាអនុប្រធានតំណាងឲ្យភាគីនិយោជក។
នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News លោក សោម អូន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១នេះ អង្គប្រជុំក៏បានកំណត់កាលវិភាគ ចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២០ ដោយបានកំណត់ដូចខាងក្រោម៖
*ប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩
*ប្រជុំលើកទី២ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៣ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៤ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៥ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៦ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៧ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
*ប្រជុំលើកទី៨ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩។
លោក សោម អូន បានបញ្ជាក់ទៀតថា «តាមគោលការណ៍ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ គឺយ៉ាងយូរត្រូវបញ្ចប់ត្រឹមខែតុលា ឆ្នាំ២០១៩ ប៉ុន្តែក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងខិតខំបញ្ចប់នៅមុនបុណ្យភ្ជុំបិណ្ឌ»៕