(ភ្នំពេញ)៖ ក្រុមហ៊ុនដេញថ្លៃទិញឈើដែលរដ្ឋបាលព្រៃឈើបង្ក្រាបបាន នៅទូទាំងប្រទេសបានធ្វើការរិះគន់ចំពោះភាពយឺតយ៉ាវ ក្នុងការចេញច្បាប់ដឹកជញ្ជូន (PC) របស់រដ្ឋបាលព្រៃឈើធ្វើអោយប៉ះពាល់ដល់ ផលប្រយោជន៏ក្រុមហ៊ុន ព្រោះតែក្រុមហ៊ុនត្រូវការឈើទាំងអស់នោះ យកមកធ្វើជាវត្ថុធាតុដើម សម្រាប់កែឆ្នៃ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានផ្អាកសកម្មភាព ដោយសារតែមិនមានវត្ថុធាតុដើម។
តំណាងក្រុមហ៊ុនមួយរូប បានត្អូញត្អែរប្រាប់អង្គភាពព័ត៌មាន Fresh News អោយដឹង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះថា នៅក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុនបានដេញថ្លៃទិញឈើពីរដ្ឋ ដើម្បីយកមកចូលរោងចក្រ ធ្វើការកែឆ្នៃផលិតជាគ្រឿងសង្ហារឹម និងផលិតផលផ្សេងៗ សំរាប់លក់ផ្គត់ផ្គង់ទីផ្សារ នៅក្នុងស្រុក ខណៈឈើទាំងអស់នោះ បានមកពីរដ្ឋបាលព្រៃឈើបង្ក្រាបបាននាពេលកន្លងមក។
ប៉ុន្តែខណៈក្រុមហ៊ុនដេញថ្លៃបាន និងបង់ថវិកាចូលរដ្ឋរួចរាល់អស់ហើយ បែរជាក្រុមហ៊ុននៅមិនទាន់អាចដឹកជញ្ជូនឈើទាំងអស់នោះយកមកកែឆ្នៃបាន ធ្វើអោយប៉ះពាល់ដល់សង្វាក់ផលិតកម្ម និងផលប្រយោជន៏របស់ក្រុមហ៊ុន ព្រោះតែឈើទាំងអស់នោះដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើហាលភ្លៀង ហាលខ្យល់អាចប្រឈមមុខនឹងការពុកផុយ។
តំណាងក្រុមហ៊ុនខាងលើបានបន្ថែមថា ខណៈក្រុមហ៊ុនដេញថ្លៃឈើពីរដ្ឋបាន ស្របពេលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេសនោះ គេក៏អោយក្រុមហ៊ុនពន្យារពេលដឹកជញ្ជូនមួយរយៈ ជៀសវាងមានការយល់ច្រឡំរវាងការដឹកជញ្ជូនឈើស្របច្បាប់ និងឈើល្មើសច្បាប់។
ប៉ុន្តែបច្ចុប្បន្ន ដោយសារតែក្រុមហ៊ុនខ្វះវត្ថុធាតុដើ មសម្រាប់ដំណើរការផលិតក៏បានធ្វើសំណើទៅរដ្ឋបាលព្រៃឈើ ដើម្បីដឹកឈើដែលក្រុមហ៊ុនដេញថ្លៃ បានយកមកធ្វើការកែឆ្នៃ បែរជារដ្ឋបាលព្រៃឈើ មានភាពយឺតយ៉ាវក្នុងការចេញលិខិតដឹកជញ្ជូន(PC)តាមរបៀបបែបបទ រដ្ឋបាលវែងអន្លាយទៅវិញ។ ការយឺតយ៉ាវនេះបានធ្វើអោយប៉ះពាល់ដល់សង្វាក់ផលិតកម្ម ក៏ដូចប៉ះពាល់ដល់ជីវភាពកម្មករ បុគ្គលិករបស់ក្រុមហ៊ុនផងដែរ ព្រោះតែក្រុមហ៊ុនបានផ្អាកសកម្មភាពផលិត អស់រយៈពេលជាង១ខែមកហើយ។
តំណាងក្រុមហ៊ុនសំណូមពរ សូមអោយខាងរដ្ឋបាលព្រៃឈើគួរតែជួយសម្រួល និងពន្លឿនក្នុងការចេញលិខិតដឹកជញ្ជូនឈើ ដែលគេមានច្បាប់ត្រឹមត្រូវអោយ បានលឿនផង ព្រោះជាឈើដែលក្រុមហ៊ុនដេញថ្លៃទិញពីរដ្ឋ ដែលឈើទាំងអស់នោះស្ថិតនៅ ក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រាប់៕