(កណ្ដាល)៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ឡានបើកបុកលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅម៉ោងកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BS-5349 បើកបរដោយឈ្មោះ ធឿង វ៉ាត អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើនោះ បានដួលបោកទៅលើថ្លល់ ហើយអ្នកបើកម៉ូតូបានខ្ទាតបោកមកខាងឆ្វេងដៃ ហើយស្របពេលនោះ មានរថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿង បើកមកពីក្រោយ ក្នុងទិសដៅស្របគ្នាបានកិនចំក្បាល អ្នកបើកម៉ូតូនោះបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ តែម្ដង។
លោកបន្ដថា ចំពោះសពបានប្រគល់ឲ្យគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូកកិតបន្តិបបន្តួច យកមករកសារទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ តាមការសន្និដ្ឋាន៖ ករណីខាងលើជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនមើលសណ្ឋានភាពផ្លូវខាងមុខមានឧបសគ្គ៕