(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឮកដល់អាព្យាបាលសិស្សទាំងអស់ថា ការបង្រៀនកុមារតូចៗ ឱ្យចេះនូវភាសាជាតិរបស់ខ្លួនកាន់តែច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះចាំបាច់បំផុត ដើម្បីទទួលបានការសិក្សាភាសាអន្តរជាតិ ឱ្យកាន់តែច្បាស់ ដែលជាយានមួយធ្វើឱ្យពួកគេទទួលបានជោគជ័យក្នុងជីវិត។
ការលើកឡើងបែបនេះរបស់លោក ហង់ ជួនណារ៉ុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រគល់សញ្ញាបត្រ បញ្ចប់ថ្នាក់បឋម-មធ្យមសិក្សា និងលិខិតសរសើរជូនដល់សិស្សសិស្សឆ្នើម ប្រចាំឆ្នាំ២០១៩ នៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
លោក ហង់ ជួនណារ៉ុង បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡាបានខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ឱ្យអនុវត្តន៍ កំណែទម្រង់ផ្សេងៗ ដោយមានការកែទម្រង់ប្រឡង ការកែលម្អវិធីសាស្ត្របង្រៀនថ្នាក់ដំបូង ជាពិសេសការយកចិត្តទុកដាក់ទៅលើការអប់រំកុមារតូច ដោយសសារតែមូលដ្ឋានគ្រឹះនៃការអប់រំ គឺចាប់ផ្តើមពីកុមារតូច ព្រមទាំងការថែទាំទារក ដែលនៅក្នុងផ្ទៃម្តាយ ដើម្បីឱ្យមានការលូតលាស់បានល្អ ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី។
លោក ហង់ ជួនណារ៉ុង បានបន្ថែមទៀតយ៉ាងដូច្នេះថា៖ «បើតាមការសិក្សាបានបង្ហាញឱ្យឃើញថា ប្រសិនសិស្សមិនចេះភាសាជាតិ របស់ខ្លួនឯងឱ្យបានច្បាស់ គឺសិស្សមិនអាចរៀនភាសាបរទេសឱ្យបានចេះច្បាស់នោះទេ ដូច្នេះ ការចេះភាសាជាតិ គឺជាលក្ខខណ្ឌចាំបាច់ខានមិនបាន ដើម្បីចាប់យកភាសាអន្តរជាតិ។ ដូច្នេះ ផ្នែកភាសាបរទេស គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារតូច ក្នុងការសិក្សា ក៏ប៉ុន្តែប្រសិនបើកុមារតូចមិនទទួលបានការបណ្តុះបណ្តាលផ្នែកភាសាជាតិរបស់ខ្លួន ឱ្យបានច្បាស់លាស់នោះទេ នឹងមិនអាចសិក្សាភាសាបរទេសបានច្បាស់លាស់នោះទេ»។
លោកបានបន្តថា ដូច្នេះ ប្រសិនបើកុមារតូចបានចូលរៀន ព្រមទាំងបានឆ្លងកាត់មត្តេយ្យសិក្សា និងបឋមសិក្សាដែលធ្វើឱ្យកុមារមានចំណេះដឹង និងទទួលបានមូលដ្ឋានគ្រឹះដ៏ល្អផងដែរ។ ជាសាលាថ្ងៃនេះ កុមារតូចៗរបស់កម្ពុជា មួយចំនួនបានទទួលបានបណ្តុះបណ្តាល លើចំណេះដឹងផ្នែកភាសាជាតិ និងអន្តរជាតិ នៅសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា ឱ្យទទួលបាននូវចំណេះជំនាញនៅថ្នាក់មូលដ្ឋាននេះផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមអាណាព្យាបាលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនភាសាជាតិ ព្រមទាំងភាសាបរទេស ជាពិសេសត្រូវចូលរួមក្នុងវិស័យអប់រំ ដល់កុមារតូចទាំងចំណេះដឹង កិរិយាមាយាទ និងត្រូវសហការជាមួយគ្រឹះស្ថានសិក្សាក្រៅប្រទេស ក៏មានសារៈសុះខាន់ខ្លាំងណាស់ដែរ ព្រោះថាបច្ចុប្បន្នយើងទាំងអស់គ្នារស់នៅ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នៃការប្រើប្រាស់បច្ចេចវិជ្ជាផងដែរ។
លោក សេង បូណា ដែលជាស្ថាបនិក និងជាអគ្គនាយក សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានថ្លែងថា ដើម្បីចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា ជាមួយក្រសួងអប់រំយុវជន និងកីឡានោះ សាលាបានបង្កើតឱ្យមានស្តងដារនៃការអប់រំ ពិនិត្យប្រាកដជូនសិស្សតូចៗ ដែលបានមកសិក្សានៅក្នុងសាលាទាំងចំណេះដឹង ចំណេះធ្វើ ព្រមទាំងចរិយាសម្បត្តិ ហើយក្រៅពីជំនាញទាំងអស់នេះ សាលាបានបង្កើតឱ្យមានសាលារៀនមួយ សហគមមួយដែលអាចធ្វើឱ្យឪពុកម្តាយចូលរួម និងមានឱកាសបង្រៀនកូនៗរបស់ពួកគាត់បានផងដែរ។
លោកគ្រូ សេង បូណា បានបន្តថា ហើយការបង្កើតឱ្យមានសាលាមួយ សហគមមួយ គឺមានគោលបំណងឱ្យឪពុក ម្តាយទាំងអស់ បានចូលរួមយ៉ាងសស្រាកសស្រាំ ក្នុងការបង្រៀនកូនរបស់ពួកគាត់នៅផ្ទះ ព្រមទាំងបានត្រួតពិនិត្យរាល់ចំណុចខ្វះខាតរបស់សាលា ឬពួកគាត់ចង់បានកម្មវិធីអ្វីដែលថ្មី គឺពួកគាត់ទាំងអស់អាចចូលមកការិយាអប់រំរបស់សាលា ដើម្បីពិភាក្សារកទិសដៅរួម ដើម្បីបណ្តុះបណ្តាលកុមារតូចៗ ឱ្យកាន់តែមានគុណភាពបន្ថែមទៀត។
លោគ្រូបានបញ្ជាក់ថា អ្វីដែលសាលារៀនអន្តរជាតិ ទ្រូវិហ្សិនកម្ពុជា ចង់បាននោះ គឺផ្អែកតែលើចំណុចមួយតែប៉ុណ្ណោះ គឺ «គុណភាព» ប៉ុន្តែពាក្យថា គុណភាពងាយស្រួលនឹងនិយាយ ក៏ប៉ុន្តែមានកត្តាច្រើនណាស់ ដើម្បីធ្វើវាឡើង ហើយរហូតមកដល់បច្ចុប្បន្ននេះ សាលាត្រូវបានអាណាព្យាបាលសិស្ស បានគាំទ្រយ៉ាងខ្លាំងទៅផ្នែកគុណភាពអប់រំ យ៉ាងច្រើនផងដែរ។
បើតាមលោកគ្រូ ឃីម សុខហេង ជាអាព្យាបាលសិស្សរបស់ដែលកំពុងសិក្សានៅសាលាអន្តរជាតិទ្រូវីហ្សិន បានបង្ហាញក្តីរំភើបថា ក្នុងនាមជាឪពុកម្តាយ ដែលបានបង្កើតកូនមក ហើយបានថែរកូនព្រមទាំងបានមើលឃើញយ៉ាងច្បាស់ពីតម្លៃនៃការអប់រំ។ ហេតុដូច្នេះ ក្នុងនាមជាឪពុកម្តាយនេះហើយ លោកបានខិតខំប្តេជ្ញាចិត្តគ្រប់បែបយ៉ាងទាំងអស់ អភិវឌ្ឍកូនឱ្យក្លាយទៅជាកុលបុត្រ កុលធីតាល្អ ក្លាយជាពលរដ្ឋល្អ និងអ្នកដឹកនាំល្អ ដើម្បីជាតំណាងអត្តសញ្ញាណជាតិខ្មែរ និងសង្គមរបស់យើង។
លោកគ្រូបានបន្តថា ហេតុដូច្នេះ ការវិនិយោគទៅលើការអប់រំ ចំពោះអនាគតរបស់កូនៗ គឺជាតម្លៃដ៏សំខាន់ក្នុងនាមយើងជាមាតា បិតាគ្រប់ៗរូប ដូច្នេះ ហើយមាតា បិតា គឺពួកគាត់បានមើលឃើញថាកូន ជាក្តីសង្ឃឹម កូនជាអ្នកបន្តវេន និងជាអនាគតរបស់សង្គមជាតិខ្មែរទាំងមូល ហេតុដូច្នេះ ការយកចិត្តទុកដាក់មើលថែកូន និងការសហការជាមួយសាលា គឺជាកាតព្វកិច្ចរបស់ឪពុក ម្តាយទាំងអស់គ្នា។ ដូច្នេះ ការជួយជ្រោមជ្រែងឱ្យកូនៗ ឱ្យក្លាយជាពលរដ្ឋល្អ អ្នកដឹកនាំល្អទៅថ្ងៃអនាគត មិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់របស់ក្រសួងអប់រំ យុវជន និងកីឡា ឬសាលាបង្រៀននានា តែអង្គឯងនោះទេ ប៉ុន្តែគឺជាការចូលចំណែកយ៉ាងសំខាន់របស់ឪពុក ម្តាយគ្រប់រូប ដើម្បីឆ្លើយតបទៅនឹងអ្វីដែលយើងចង់បាន៕