(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះផ្សព្វផ្សាយរបាយការណ៍សភាពការណ៍ទូទៅ ទាំងក្នុង-ក្រៅប្រទេស ព្រមទាំងណែនាំឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងពីរ ត្រូវយកចិត្តទុកដាក់បម្រើប្រជាជនឱ្យបានខ្ជាប់ខ្ជូន ពិសេសត្រូវរាំងខ្ទប់ចលនាបដិវត្តពណ៌ ក្នុងមូលដ្ឋានឱ្យខាងតែបាន ដើម្បីរួមគ្នាការពារសុខសន្តិភាព។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត និងលោក អ៊ួង សារឿន ប្រធានគណបក្សស្រុកតាំងគោក ស្រុកបារាយណ៍ ធ្វើរបាយការណ៍ពីសភាពការណ៍ ឆមាសទី១ នៃស្រុកទាំងពីរ និងបន្ទាប់ពីបានស្តាប់ របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជា សម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ ដែលអានដោយលោក ហាក់ ម៉ុងហ៊ួត ជូនអង្គមិទ្ទិញឱ្យបានជ្រាបរួចមក លោក ថោង ខុន បានលើកឡើងបន្ថែមពីសភាពការណ៍រីកចម្រើនខាងសេដ្ឋកិច្ច និងសភាពការណ៍នយោបាយថ្មីៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងន័យដាស់តឿនក្រើនរំឭកឱ្យសមាជិកបក្សត្រូវបន្តសាមគ្គីជាមួយប្រជាជន ប្រកបដោយសុខដុមនីយកម្ម ដើម្បីបន្តការថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពក្នុងមូលដ្ឋាន ក៏ដូចជាក្នុងប្រទេសទាំងមូលផងដែរ។
ចំពោះកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តឱ្យបាននូវយន្តការភូមិ-ឃុំមានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋាន និងដើម្បីទប់ស្កាត់ក្រុមដែលចង់បង្កចលាចល ឬប្រព្រឹត្តអំពើល្មើសច្បាប់នានា។
លោកបានក្រើនរំឭកឱ្យអាជ្ញាធរមូលដ្ឋាន អាជ្ញាធរ និងមន្ត្រីសាធារណៈ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានខ្ជាប់ខ្ជួន ព្រោះប្រជាជនបានផ្ដល់សេចក្ដីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទាំងស្រុងតាមរយៈការបោះឆ្នោតគាំទ្រ កាលពីកំលុងពេលបោះឆ្នោត ឆ្នាំ២០១៨ កន្លងទៅ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបន្តរួមរស់ជាមួយប្រជាជនកម្ពុជា ដើម្បីបន្តការការពារសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ បន្តការការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពារប្រជាធិបតេយ្យសេរីពហុបក្ស និងបន្តលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យកាន់តែថ្កុំថ្កើនឡើងលើឆាកអន្តរជាតិ។
ជាមួយគ្នានោះ លោក ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកបក្សក្នុងមូលស្រុកទាំងពីរខាងលើ ក៏បានជួបជុំគ្នាទទួលទាន «នំបញ្ចុកសន្ដិភាព» ប្រកបដោយបរិយាកាសជិតស្និទ្ធ និងសប្បាយរីករាយផងដែរ៕