(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ បានបានលើកឡើងថា ក្រុមការងារចុះជួយខេត្តនឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមតម្រូវការទីផ្សារការងារ និងជំនាញកសិកម្មដូចជា ការចិញ្ចឹមគោយកសាច់ យកទឹកដោះ ការដាំចម្ការឈើ (អាកាស្សា និងម៉ៃសាក់) សម្រាប់ធ្វើអាជីវកម្ម ដោយក្រុមការងារនឹងសម្របសម្រួលរកទីផ្សារ ជូនប្រជាពលរដ្ឋដោយមានកិច្ចសន្យាច្បាស់លាស់រវាងអ្នកផ្គត់ផ្គង់ និងអ្នកទទួលទិញ។
ការលើកឡើងបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានរៀបចំកិច្ចប្រជុំជីវភាព ជាមួយសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សស្រុក-ឃុំ និងសាខាបក្សភូមិនៃឃុំចម្ការហ្លួង ឃុំកំពង់សីលា ឃុំស្ទឹងឆាយ និងឃុំអូរបាករទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះ។
នៅក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានស្តាប់នូវរបាយការណ៍ស្តីពីសភាព ការណ៍ទូទៅ ការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាបញ្ហាប្រឈមនានា។
ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ លោក សាយ សំអាល់ បានលើកគូសបញ្ជាក់ ពីបញ្ហាផ្លូវច្បាប់ក្នុងការ ចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការកំណត់ព្រំប្រទល់រដ្ឋបាល រវាងស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងព្រំប្រទល់រដ្ឋបាល រវាងស្រុកកំពង់សីលា និងស្រុក្រែអំបិល ខេត្តកោះកុង។
ជាមួយគ្នានេះ ប្រធានក្រុមការងារ ក៏បានជម្រាបជូនសមាជិក សមាជិកាអំពីការវិវត្តន៍នៃនយោបាយកម្ពុជា និងលើកទឹកចិត្ត ពង្រឹងការងារភូមិឃុំមានសុវត្ថិភាព៕