(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរីនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តប្រតិបត្តិការ ចុះបង្រ្កាបបទល្មើសជលផល នៅបឹងច្រឡំភក់ និងបឹងត្រនូលឆ្នាំង នៅសង្កាត់ក្រគរ ក្រុងក្រចេះ និងឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរឹបអូសវត្ថុតាងដុតបំផ្លាញចោលជាច្រើន។
លោក ម៉ុក ពន្លក នាយរងខ័ណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា កម្លាំងចម្រុះចូលរួមសហការរួមមាន៖ កម្លាំងមន្រ្តីជលផលសហការជាមួយ អភិបាលរងស្រុក អាវុធហត្ថស្រុកចិត្របុរី សហគមន៍នេសាទ និងប្រជាការពារភូមិ បានរឹបអូសវត្ថុតាងដូចជា៖ របាំងស្បៃមុងចំនួន៣៤ខ្សែ ប្រវែង១៧៥០ម៉ែត្រ, របាំងសាច់អួននីឡុងចំនួន ៣១ខ្សែប្រវែង ១៨៥០ម៉ែត្រ, លបសាច់អួននីឡុងចំនួន៣៤គ្រឿង, លូស្បៃមុងចំនួន៣៨មាត់លូ, បង្គោលចម្រឹងឫស្សីចំនួន ១២៧០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញជាង៧ ០គីឡូក្រាម។
លោកនាយរងខ័ណ្ឌបន្តទៀតថា ការចុះបង្រ្កាបបទល្មើសនេសាទជាលើកទី ៤ហើយ សម្រាប់សប្តាហ៍នេះ ដោយបង្រ្កាបនៅស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកចិត្របុរី និងក្រុងក្រចេះ ដោយកម្លាំងចម្រុះរឹបអូសវត្ថុតាងបានច្រើនបំផ្លាញចោល ព្រមទាំងបានអប់រំបងប្អូនប្រជានេសាទ កុំនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ។
លោកនាយរងខណ្ឌរូបនោះ បានលើកឡើងថា លោកនឹងបន្តចុះបង្រ្កាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹម ដើម្បីរក្សានូវធន់ធានធម្មជាតិជលផលឲ្យគង់វង់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ របស់គណៈបញ្ជាការការឯកភាពស្រុកនិមួយៗ ដែលបានចូលរួមសហការក្នុងបង្រ្កាបបទល្មើសជលផល៕