Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការពារអ្នកប្រើប្រាស់ ដល់អាជីវករលក់ដូរក្នុងសាលាប៊ែលធីទាំង ២១ទីតាំង

31-08-2019 14:37

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ សាលាប៊ែលធី សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំកម្មវិធី «វគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់» ជូនដល់អ្នកលក់ចំណីអាហារក្នុងសាលាប៊ែលធី ទាំង២១ទីតាំង។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ក្រោមអធិបតីភាពរបស់ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធាន គណៈគ្រប់គ្រង នាយកសាខាលោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ និងជាគ្រូបង្គោលលោក ហេង មាលី ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ។

លោក ហេង មាលី បានលើកឡើងថា ចំណុចសំខាន់ នៃសុវត្ថិភាពម្ហូបអាហារ គឺត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងញែកឲ្យដាច់ពីគ្នា និងត្រូវចេះមើលពីសំបកវេចខ្ចប់ ដូចជា រក្សាទ្រង់ទ្រាយល្អ មិនកំពិត មិនប៉ោង មិនច្រែះ មិនធ្លាយ មិនមានស្នឹម និងមិនរហែក និងការពិនិត្យមើលកាលបរិច្ឆេទ នៃការផលិត និងផុតកំណត់ ការយល់ដឹងពីសារធាតុគីមី ក្នុងម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាព។

លោកបន្តថា អាជីវករលក់ដូរក្នុងសាលាទាំងអស់ ត្រូវទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវងាយស្រួលដល់សមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់។

លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ និងជាគ្រូបង្គោល នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានធ្វើបទបង្ហាញផលប៉ះពាល់ ពីសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករលក់ដូរ នៅ ក្នុងសាលាផង។ ជាមួយគ្នានោះលោក ស៊ិន ស៊ីដេត ក៏បានថ្លែងទៀតថា ដើម្បីឲ្យមានសុវត្ថិភាពម្ហូបអាហារ គឺទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ិន ស៊ីដេត និងលោកហេង មាលី ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកពន្យល់ពីសុវត្ថិភាពម្ហូបអាហារនាពេលនេះ។

លោក លី ប៊ុនឆៃ បានណែនាំដល់អ្នកលក់ ត្រូវរៀបចំកន្លែង និងសម្ភារៈ មានអនាម័យស្អាតជានិច្ច មិនត្រូវលក់ម្ហូបអាហារ ដែលសល់ ខូចគុណភាព ឬហួសកាលកំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុភាព ទោះបីតិចតួច ឬខ្លាំងអាចបណ្តាលដល់ស្លាប់ និងនាំឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចជាតិទៀតផង៕