(ភ្នំពេញ)៖ សាលាអន្តរជាតិផ្លេនីត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងកំរិត level1-2-3 នៃកម្មវិធីសិក្សា អាយ ភី ស៊ី របស់សហរដ្ឋអាមេរិក។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌល CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនសិស្សានុសិស្ស ខាងលើនេះ សាលាអន្តរជាតិផ្លេនីត ក៏មានការប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និង លិខិតសរសើរលើមុខវិជ្ជា ភាសាអង់គ្លេស គណិតវិទ្យា និង វិទ្យាសាស្ត្រ ភាសាខ្មែរ និងភាសាចិន ដល់សិស្សឆ្នើមចំនួន៥៧ផងដែរ។
សាលាអន្តរជាតិផ្លេនីត គឺជាសាលាអន្តរជាតិតែមួយគត់ដំបូងគេនៅកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណអប់រំកម្មវិធី មត្តេយ្យសិក្សាអន្តរជាតិ ពីស្ថាប័ន អាយ ភី ស៊ី សហរដ្ឋអាមេរិក។ សាលាបង្កើតឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាង ផ្លេនីតអេដ និងអាយ ភី ស៊ី សហរដ្ឋអាមេរិក។
លោកនាយកជនជាតិអង់គ្លេស អ៊ាន ឡូឌិន បានបញ្ជាក់ពីចំនុចសំខាន់ៗ ពីកម្មវិធី អាយ ភី ស៊ី សហរដ្ឋអាមេរិក ជូនដល់មាតាបិតា ដើម្បីឲ្យកាន់តែជ្រាបច្បាស់ រួមមាន៖
ទី១៖ កម្មវិធីនេះ មុននឹងចងក្រងជាកម្មវិធីសិក្សាបាន វាត្រូវឆ្លងកាត់ការស្រាវជ្រាវ ដោយក្រុមអ្នកជំនាញអប់រំពីសាកលវិទ្យាល័យ Harvard មានដូចជា ដុកទ័រ Rebecca និង ប្រូហ្វេសស័រ Donna Skinner ជាអ្នកដឹកនាំក្រុមស្រាវជ្រាវ និងប្រមូលទិន្នន័យ។
ទី២៖ កម្មវិធីនេះ គេបែងចែកជា២ផ្នែកធំៗ គឺ ផ្នែកទារកដ្ឋាន (Infant and toddler Curriculum) សម្រាប់បង្រៀនកុមារពីអាយុ៦ខែ ដល់៣ឆ្នាំ និងមួយផ្នែកទៀត គឺខាងមត្តេយ្យសិក្សាសម្រាប់បង្រៀនកុមារ ពីអាយុ៣ឆ្នាំ ដល់៦ឆ្នាំ។
លោកបញ្ជាក់ថា កម្មវិធីសិក្សាទាំង២ផ្នែកនេះ ផ្តោតទៅលើគោលដៅអភិវឌ្ឍសំខាន់៦ចំនុច សម្រាប់អប់រំកុមារមានដូចជា ការអភិវឌ្ឍ ភាសា គណិតវិទ្យា វិទ្យាសាស្រ្ត បំនិនចលករតូចនិងធំ អប់រំសង្គម និងគោលដៅអភិវឌ្ឍ សិល្បៈច្នៃប្រឌិតរបស់កុមារ។
លោកបន្ដទៀតថា ចំណុចអភិវឌ្ឍទាំងអស់នេះ បញ្ជ្រៀបចូលក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ របស់កុមារដែលពួកគាត់ រៀនតាមរយៈការលេង ការប្រាស្រ័យទាក់ទង ការបណ្តុះគំនិតបង្កើតចម្ងល់ និងការអនុវត្តផ្តាល់។
សូមជម្រាបថា នៅក្នុងឆ្នាំសិក្សាថ្មីខាងមុខ សាលាមានគម្រោងបញ្ចូលកម្មវិធីសិក្សាបែបថ្មី ហៅថា ការគិតលេងរហ័ស ដែលជាកម្មវិធីអភិវឌ្ឍភាពឆ្លាតវៃរបស់កុមារ ព្រមទាំងបញ្ចូលបន្ថែមមុខវិជ្ជា ICT (Information and communications Technology) សម្រាប់ថ្នាក់បឋមសិក្សាអន្តរជាតិ ដើម្បីឲ្យសមស្របទៅតាមបរិបទអប់រំសម័យ ឌីជីថល។
មិនត្រឹមតែប៉ុណ្ណោះ មុខវិជ្ជាវិទ្យាសាស្ត្រ ក៏ត្រូវបានផ្តោតជាសំខាន់ផងដែរ នៅកំរិត Primary Level នេះ គឺថា មេរៀននិងទ្រឹស្តី ត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើពិសោធន៍វិទ្យាសាស្ត្រ ជាក់ស្តែងដើម្បីបណ្តុះសិស្ស ឲ្យមានសមត្ថភាព ចូលរួមប្រកួតជាមួយសិស្សានុសិស្ស នៅបណ្តាប្រទេសដ៏ទៃទៀត។
ចក្ខុវិស័យរបស់សាលាអន្តរជាតិផ្លេនីត គឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដើម្បីឲ្យពួកគាត់មានសមត្ថភាពប្រកួតប្រជែងចំនេះ និងជំនាញទាំងក្នុងតំបន់ និងនៅលើឆាកអន្តជាតិ៕