(កណ្ដាល)៖ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា ទីវត្តអារាម គឺជាឃ្លាំងផ្ទុកនូវក្បួនច្បាប់វប្បធម៌ ដែលបង្ហាញពីអត្តសញ្ញាណរបស់ជាតិ។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានបន្ថែមទៀតថា យ៉ាងណាមិញ តាមរយៈពុទ្ធិកសិក្សា គឺជាមូលដ្ឋានក្នុងការ៖ ផ្សព្វផ្សាយចំណេះដឹង ទ្រឹស្តីក្បួនច្បាប់ព្រះពុទ្ធសាសនា, កសាងធនធានព្រះសង្ឃ, ពង្រឹងការយល់ដឹងខាងវប្បធម៌ ប្រពៃណីព្រះពុទ្ធសាសនា -ល- កសាងសីលធម៌ គុណធម៌តាមបែប ព្រះពុទ្ធសាសនា។
ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានធ្វើឡើងក្នុងឱកាសដែល លោក និងលោកស្រី កេត រ៉ាឌី បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លង សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធិផលនានា នៅវត្តមណីបទុម ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
លោកបានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល៤០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកដែលជាថ្ងៃ កំណើតទី២ របស់យើងទាំងអស់គ្នា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថានភាពនយោបាយប្រជាជន រស់នៅប្រកបដោយសុខដុមរមនា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានបញ្ជាក់ឲ្យដឹងផងដែរថា តាមស្ថិតិបច្ចុប្បន្ននេះប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនា មានចំនួន៩៥ភាគរយ មានវត្តអារាមចំនួន៤,៩៨៥វត្ត និងព្រះសង្ឃចំនួន៧០,៨៥៣អង្គ ក្នុងទូទាំងប្រទេស។
លោកថា តាមរយៈព្រះពុទ្ធសាសនា យើងសង្កេតឃើញថា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកក្នុងសង្គម ក្នុងការអប់រំយុវជន យុវនារី កុមារា កុមារី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋទូទៅ ឲ្យប្រព្រឹត្តតែអំពើល្អ ស្គាល់បាបបុណ្យ គុណទោស ឲ្យប្រតិបត្តិគុណធម៌ សីលធម៌ ឲ្យវារចាកនូវអំពើអបាយមុខមាន ស្រី ស្រា ល្បែងស៊ីសង ជៀសវាងឲ្យផុតពីគ្រឿងញៀន ដើរតាមគន្លងព្រះពុទ្ធសាសនា ជារៀងរហូតតទៅ។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានគូសបញ្ជាក់ទៀតថា ជាការពិតណាស់ ក្នុងនាមជាអ្នកដើរតាមផ្លូវព្រះពុទ្ធសាសនា ត្រូវគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងរៀនសូត្រ ព្រះធម៌ ព្រះវិន័យ ដែលជាព្រះឱវាទដ៏ថ្លៃថ្លា នៃព្រះសម្មាសាមពុទ្ធ ជាព្រះបរមគ្រូនៃយើង។
លោកបន្ដថា ពុទ្ធបំណងដ៏ចម្បង គឺចង់ឲ្យមនុស្សជាតិទាំងមូល រស់នៅមានសេចក្តីសុខចម្រើន និងប្រកបដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នា ដើម្បីឲ្យខ្លួនឯង និងសង្គមជាតិបានល្អ ត្រូវខិតខំធ្វើបុណ្យសន្សំកុសល ប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី និងលោកស្រី កេត រ៉ាឌី ក៏បានឧបត្ថម្ភប្រគេនបច្ច័យចំនួន១២,០០០,០០០លានរៀល សម្រាប់ព្រះចៅអធិការវត្ត ធ្វើការចាត់ចែងកម្មវិធីបុណ្យ និងឧបត្ថម្ភជូន លោកតា លោកយាយ ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា៥០០០រៀល និងអំណោយលើកទឹកចិត្ត ដល់សិស្សានុសិស្សចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកាចំនួន ៥,០០០រៀល៕