(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា បានថ្លែងជំរុញដល់ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរត្រូវគិតគួរ អំពីជីវភាពរស់នៅ និងផ្តល់សេវាសាធារណៈឲ្យល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការធ្វើឲ្យលឿន និងមានតម្លាភាព។
ការថ្លែងរបស់លោក ម៉ឹង សំផន បែបនេះនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចន្ទ្រា ដែលមានការចូលរួមពីក្រុមការងារជាច្រើនរូប នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅអគារសាលប្រជុំគណបក្សស្រុកចន្ទ្រា។
លោក ម៉ឹង សំផន បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីផងដែរ។
លោកបញ្ជាក់ថា ការបង្កើតក្រុមការងារថ្នាក់ជាតិ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាជននៅមូលដ្ឋាន ដោយផ្សាភ្ជាប់ រវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពគោលនយោបាយតាម វិស័យដូចជា សភាពការរួមរបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់សភាពការណ៍នៅមូលដ្ឋាន។
លោក ម៉ឹង សំផន ក៏បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ មួយវិញទៀត ត្រូវទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ធម្មជាតិផ្សេងៗ និងត្រូវទប់ស្កាត់ការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ព្រោះនាំឲ្យឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិក ដល់សត្វជ្រូករបស់ប្រជាពលរដ្ឋ៕