(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញជំនួបរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាមួយអនុរដ្ឋមន្ដ្រី គណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលនៃប្រទេសជប៉ុន និងអនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ភាគីទាំងកម្ពុជា-ចិន បានពិភាក្សាផ្ដោតលើ កិច្ចសហប្រតិបត្តិការផ្នែក ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមមានការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការទប់ស្កាត់ភាពស៊ាំនៃឱសថ និងការពង្រឹងប្រព័ន្ធតាមដានជំងឺគ្រុនចាញ់ នៅខេត្តស្ទឹងត្រែង។
លើសពីនេះទៀត ភាគីទាំងពីរនឹងបន្ដកិច្ចសហប្រតិបត្តិការលើផ្នែកជំងឺសរសៃឈាមបេះដូង ជាពិសេសការវះកាត់បេះដូងចំហពីកំណើតរបស់កុមារ ការរួមបញ្ចូលនូវផ្នែកជំងឺបេះដូងនេះ ក្នុងគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ព្រមទាំងការបន្ដជួយគាំទ្រលើ ផ្នែកវះកាត់ជំងឺភ្នែកឡើយបាយផងដែរ។
ដោយឡែកក្នុងជំនួបជាមួយ អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៃប្រទេសជប៉ុនវិន បានផ្ដោតសំខាន់លើការងារបណ្ដុះបណ្ដាលឆ្មប គិលានុបដ្ឋាក កម្មវិធីគាំពារសុខភាពមាតា និងកុមារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដូចជាបច្ចុប្បន្ននេះ តាមរយៈ JICA កំពុងអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យខេត្តបាត់ដំបង ដែលមានរួមមានការសាងសង់អគារមន្ទីរពេទ្យ ការបំពាក់ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខាផ្សេងៗ។
សម្រាប់ជំនួបជាមួយអនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋកូរ៉េ ក៏បានពិភាក្សាគ្នាផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការផ្នែកពង្រឹងសមត្ថភាពទាំងមន្ដ្រីសុខាភិបាល និងមូលដ្ឋានសុខាភិបាលនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ លើសពីនេះ ភាគីកូរ៉េក៏បានផ្ដល់ជំនួយឥតសំណង ដូចជាការសាងសង់អគារចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង និងកំពុងពង្រីកបន្ថែមជាបន្ដទៀត៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖