(កោះកុង)៖ លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗ ដល់មន្ត្រីរាជការទាំងឡាយណាឲ្យដកខ្លួនចេញជាបន្ទាន់ បើមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនិងបទល្មើសផ្សេងៗ។ ការព្រមាននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលមុខតំណែងលោក ទូ សាវុធ ជាអភិបាលរងខេត្តកោះកុង ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ត្រីរាជការគ្រប់ស្ថាប័ន។
លោក ទូច សាវុធ អភិបាលរងខេត្ត ទើបប្រកាសចូលកាន់មុខតំណែងថ្មីបានធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យអស់ពីកម្លាំងកាយចិត្ត ដោយមិនគិតពីភាពនឿយហត់ធ្វើយ៉ាងណា បំរើសេវាជូនពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីភូមិ-ឃុំមានសុវត្ថិភាពមានភាព សាមគ្គីភាពជាមន្ត្រីរាជការ រក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។
លោក លេង វី បានថ្លែងថា «មន្ត្រីរាជការទាំងអស់ បើមានមន្ត្រីណាដែលមានខ្លួន ជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ត្រូវដកខ្លួនចេញជាបន្ទាន់ ព្រោះប្រព័ន្ធតុលាការ មិនលើកលែងឲ្យឡើយ បើរកឃើញទៅលើបុគ្គលណាម្នាក់នោះ។ ហើយមន្ត្រីរាជការមិនត្រូវយកអំណាចរបស់ខ្លួន ទៅរកស៊ីបទល្មើស ឬកាងបទល្មើស ដើម្បីផលប្រយោជន៍ខ្លួនឯងឡើយ»។
ក្នុងឱកាសនោះលោកក៏ផ្តាំផ្ញើដល់អភិបាលរងខេត្ត ដែលចូលកាន់មុខតំណែងថ្មី ឲ្យខិតខំអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានប្រគល់ជូន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើគ្រប់ផ្នែកវិស័យ និងបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យហេតុការណ៍ និងមានភាពកក់ក្តៅមកលើមន្ត្រីរាជការ៕