(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដាក់បទបញ្ជាដល់កងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងត្រូវត្រៀមលក្ខណជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ដោយបានដាក់បទបញ្ជាបែបនេះ។ នៅក្នុងកិច្ចប្រជុំ ក៏មានការចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យ និងមេបញ្ជាការមូលដ្ឋានតាមក្រុងស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ថ្វីត្បិតតែសកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារបានធ្វើដល់ថ្នាក់ដុតកំទេចរថយន្ត និងគោយន្តកន្ត្រៃយ៍ ជាច្រើនគ្រឿង ក៏ដូចជា ឧបករណ៍ផ្សេងទៀតដែលបំរើឲ្យការដឹកជញ្ជូនឈើល្មើសច្បាប់ ការធ្វើអាជីវកម្មកែឆ្នៃឈើល្មើសច្បាប់ក៏ដោយ តែឈ្មួញមួយចំនួន នៅមិនទាន់មានការរៀងចាលនោះទេ ផ្ទុយទៅវិញ ពួកគេនៅបន្តសកម្មភាពល្មើសនេះដ៏ដែលក្នុងរូបភាពលួចលាក់។
ករណីនេះ លោកមេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានណែនាំដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិកាន់តែខ្លាំងក្លាថែមទៀត ដោយក្តាប់ឲ្យបាននូវមុខសញ្ញាឈ្មួញល្មើសច្បាប់ និងទីតាំងធ្វើអាជីវកម្មខុសច្បាប់នានា នៅតាមមូលដ្ឋានឈរជើងរៀងៗខ្លួន និយាយារួម ត្រូវប្តេជ្ញាចិត្តឲ្យបានមុតមាំជាដាច់ខាតអនុវត្តន៍ តាមបទបញ្ជាររបស់នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈខ្ពស់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះមហន្តរាយផ្សេងៗ។ ដោយឡែក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ តាមទីវត្តអារ៉ាមនានា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានទៅធ្វើបុណ្យទៀនដោយសុវត្ថិភាព និងភាពកក់ក្តៅ៕