(ភ្នំពេញ)៖ ក្រុមហ៊ុន Brands Alliance International ដែលជាក្រុមហ៊ុននៅពីក្រោយពានរង្វាន់ Cambodia Successful Brand Awards នៅកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានសហកាជាមួយកាសែតភ្នំពេញប៉ុស្តិ៍ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបើកការប្រកួតប្រជែង ដ៏ថ្មីស្រឡាងមួយ ផ្តោតលើការបង្ហាញពីភាពល្អប្រសើរ នឹងការខិតខំប្រឹងប្រែង របស់បុគ្គលិកនៅកន្លែងធ្វើការងារ ដែលមានឈ្មោះថា «ពានរង្វាន់បុគ្គលិកឆ្នើមនៅកម្ពុជា»។
ការប្រកួតពានរង្វាន់នេះ គឺដើម្បីអបអរដល់បុគ្គលិកទាំងអស់ ដែលជាចលករនៃកម្លាំងពលកម្មយ៉ាងសកម្ម នៅប្រទេសកម្ពុជា និងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពវិជ្ជមានរបស់ប្រទេសជាតិ។ ពានរង្វាន់នេះ គឺប្រារព្ធឡើងដើម្បីបង្ហាញពីបុគ្គលិកម្នាក់ៗ ដែលកំពុងអនុវត្តការងារប្រចាំថ្ងៃ របស់ពួកគេយ៉ាងសស្រាក់សស្រាំ ដើម្បីទទួលបាននូវភាពជោគជ័យ ក្រុមហ៊ុនទាំងមូល។
លោក MARCELLUS RYAN TAN អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Brands Alliance បានឱ្យដឹងថា Brands Alliance International Cambodia (BAIC) ជាអង្គភាពមួយ ដែលផ្តល់តម្លៃដល់ការរួមបញ្ចូលគ្នា រវាងសក្ដានុពលម៉ាកយីហោ វប្បធម៌កន្លែងធ្វើការ និងការបង្កើតព្រឹត្តការណ៍ថ្មីៗ សម្រាប់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។
លោកបន្តថា «យើងជឿជាក់លើចំណង់ចំណូលចិត្តក្នុងការតស៊ូ និងក្រមសីលធម៌ល្អក្នុងអាជីវកម្ម ដែលនាំឱ្យមានភាពជោគជ័យរយៈពេលវែង របស់សហគ្រាសនីមួយៗ តាមរយៈការផ្តល់វេទិកា ដើម្បីបញ្ជាក់ពីការអនុវត្តល្អ នៅកន្លែងធ្វើការពិសេស យើងចូលរួមឆ្ពោះទៅរកការកំណត់ស្តង់ដារ នៃកន្លែងធ្វើការល្អនឹងសេដ្ឋកិច្ច ក្នុងតំបន់រឹងមាំ។ BAIC គឺជាអ្នករៀបចំកម្មវិធីពានរង្វាន់បុគ្គលិកឆ្នើមនៅកម្ពុជា និងពានរង្វាន់យីហោជោគជ័យនៅកម្ពុជា»។
លោកបានបញ្ជាកទៀតថា កម្មវិធីពានរង្វាន់បុគ្គលិកឆ្នើមនៅកម្ពុជា បានធ្វើជាលើកទី១ហើយ ដែលពានរង្វាន់នេះ មាន៨ប្រភេទពានរង្វាន់ ក្នុងនោះមាន ៤ប្រភេទសម្រាប់បុគ្គលិកទូទៅ និង៤ប្រភេទទៀត សម្រាប់ថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន ជាមួយនឹងការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹតបំផុត។ ការរៀបចំឱ្យមានកម្មវិធីនេះឡើង គឺដើម្បីជាការបង្ហាញ និងការទទួលស្គាល់បុគ្គលិក ដែលបានខិតខំធ្វើការជាច្រើន ដើម្បីជួយឱ្យក្រុមហ៊ុនមានការរីកចម្រើន ព្រោះតែបុគ្គលិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ ដល់ក្រុមហ៊ុនទាំងមូលផងដែរ។
សូមបញ្ជាក់ដែរថា អ្នកចូលរួមដែលបានចុះឈ្មោះទាំងអស់ នឹងត្រូវដាក់ពិន្ទុដោយក្រុមអ្នកជំនាញ ដែលមានបទពិសោធន៍ខាងធនធានមនុស្ស ឬបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ដែលមានដូចជា លោកបណ្ឌិត ឃីម សុខហេង ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ (កម្ពុជា) គឺជាសមាសភាពនៃសមាជិកពីររូប នៃគណៈកម្មការដាក់ពិន្ទុ ក្នុងដំណើរការជ្រើសរើសនេះ។
ការចុះឈ្មោះបានបើកជាសាធារណៈ និងជាជាផ្លូវការហើយ និយោជិក និងនាយកប្រតិបត្តិទូទាំងប្រទេសនៅក្នុងក្រុមហ៊ុន ឬអង្គការពាណិជ្ជកម្មណាមួយ ក៏មានសិទ្ធិអាចដាក់ពាក្យចូលរួមប្រកួតបានដែរ។ កាលបរិច្ឆេទផុតកំណត់បញ្ចុះតម្លៃសម្រាប់អ្នកចុះឈ្មោះ មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងកាលបរិច្ឆេទផុតកំណត់ទទួលពាក្យ គឺថ្ងៃទី១១ ខែវិច្ឆិកា។
ព័ត៌មានលម្អិតស្តីពីការប្រកួតប្រជែងរួមមាន តម្រូវការសម្រាប់ប្រភេទរង្វាន់នីមួយៗ អាចរកបាននៅលើគេហទំព័រ www.biac.com./coea ឬទំព័រហ្វេសប៊ុករបស់ Brands Alliance ឬ Cambodia Outstanding Employee Awards ៕