Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រួមគ្នាសំអាតបរិស្ថាន! ថ្ងៃចុងសប្ដាហ៍អាជ្ញាធរ និងពលរដ្ឋរួមដៃគ្នាសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌបឹងកេងកង (Video inside)

31-08-2019 11:39

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទីទី៣១ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងសប្ដាហ៍នៃខែសីហានេះលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារខណ្ឌ រួមមាន កម្លាំងសណ្ដាប់ខណ្ឌ, យុវជនខណ្ឌ សង្កាត់ផ្សារ មន្រ្តីក្រោមឱវាទ និងពលរដ្ឋផងនោះ ចុះរើសសំរាម ធ្វើអនាម័យ បរិស្ថានក្នុងមូលដ្ឋាននៅតាមបណ្ដោយផ្លូវលេខ១០៥ ស្របនឹងប្រឡាយទឹកស្អុយបឹងត្របែក ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣។

អាជ្ញាធរបាននាំគ្នាកាយកែបដីចេញពីលើផ្លូវថ្នល់ សំរាម និងកាកសំណល់ផ្សេងៗ ដែលគេបោះចោលពាសវាលពាសកាលតាមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងបរិស្ថាន។

ខណៈរើសសំរាមបណ្តើរ លោក ធឹម សំអាន បានថ្លែងថា «យើងធ្វើក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខណ្ឌ និងជាការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ នៃសំរាមដែលកើនឡើងតាមកំណើនប្រជាពលរដ្ឋ តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង។ ការចូលរួមរបស់មហាជនក្នុងការធ្វើ អនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេស បរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុងឲ្យស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង»

អភិបាលខណ្ឌបឹងកេងកង បានស្រែកតាមឧគ្ឃោសនាស័ព្ទដោយជួយក្រើនរំលឹកទៅដល់បងប្អូនប្រជាជនទូទៅឲ្យ ចូលរួមសម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវនាមុខផ្ទះបងប្អូននិមួយៗ មានអនាម័យបរិស្ថានស្អាតល្អមានផាសុខភាព និងសូមឲ្យមានការប្រុងប្រយ័ត្នដោយបង្ការអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។ ដូចនេះចូលមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់មន្ត្រី យុវជន ពិសេសប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ព្រោះថា រយៈពេល នៃការអប់រំច្បាប់ចរាចរផ្លូវគោក បានផុតកំណត់ហើយ ការអនុវត្តច្បាប់នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ហើយចូលដល់វិធានការអនុវត្តច្បាប់ម្តង ឬអាចឈានទៅដល់តុលាការទៀត៕