(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខមួយទៅកាន់ លោកស្រី គឹមហ៊ុន ម៉ាក់ធូរី (កូនរបស់សព) ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក សៀង គីមហ៊ុន ដែលជាទីប្រឹក្សារបស់សម្តេច។

សម្តេចបានបញ្ជាក់ក្នុងសារលិខិតនោះថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយ ទទួលដំណឹងថា ឯកឧត្តម សៀង គីមហ៊ុន ទីប្រឹក្សាផ្ទាល់របស់ខ្ញុំ នឹងត្រូវជាឪពុកបង្កើតរបស់លោកស្រីបានទទួលមរណភាពក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយជរាពាធ»

សម្តេចចាត់ទុកថា មរណភាពរបស់ លោកសៀង គីមហ៊ុន គឺជាការបាត់បង់បិតា ជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវសហការីរបស់សម្តេចមួយរូប ដែលធ្លាប់បានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជាកន្លងមក រហូតដល់ថ្ងៃអវសាននៃជីវិត ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី គឹមហ៊ុន ម៉ាក់ធូរី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក សៀង គីមហ៊ុន បានចាប់កំណើតក្នុង សុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចតេជោ៖