(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតិពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមនាយទាហាន សេនាធិការ នាយកដ្ឋានកិច្ចការអាស៊ី នៃការិយាល័យ សហប្រតិបត្តិការយោធាអន្តរជាតិ នៃគណកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន ដែលអញ្ជើញ ចុះមកស្វែងយល់ពីសកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ។
ជាកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញជូនប្រតិភូដើរទស្សនា នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មធ្យោបាយសម្ភាររបស់អង្គភាព និងសកម្មភាពការងារប្រចាំថ្ងៃជាច្រើន របស់អាវុធហត្ថរាជធានីភ្នំពេញ ធ្វើឲ្យគណៈប្រតិភូមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាលបង្ហាញបទពិសោធន៍ការងារជូនដល់ គណៈប្រតិភូ និងបានឆ្លៀតលើកយកចម្រៀងមួយបទ ដែលលោកបានផ្តួចផ្តើមនិពន្ធឡើង ដើម្បីចូលរួមអបអរសាទរ ចំពោះជោគជ័យនៃយុទ្ធនាការ បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មកបង្ហាញជូនគណៈប្រតិភូទស្សនា។
បទចម្រៀងនោះ គឺបានរៀបរាប់ពីគុណសម្បត្តិរបស់ក្រមាកម្ពុជា ដែលអាចចាត់ទុកថា ជាអត្តសញ្ញាណជាតិ និងជាមរតល្អប្លែកមួយ ក្នុងចំណោមមរតល្អឯកជាច្រើន របស់ដូនតាខ្មែរ មានតាំងពីបុរាណមក និងបានជូនភ្ជាប់ជាមួយក្រមា ជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូ ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត៕