(ភ្នំពេញ)៖ សេចក្តីព្រាងកំណត់ហេតុ, សេចក្តីព្រាងរបាយការណ៍, តារាងបែងចែកប្រាក់រង្វាន់, សេចក្តីព្រាងផែនការ, សេចក្តីព្រាងលើការបង្កើតគណៈកម្មាធិការ, សេចក្តីព្រាងទទួលស្គាល់ប្រធាន-អនុប្រធាន និងសមាជិកសំខាន់ៗ ចំនួន០៨ចំណុច ត្រូវបានសម្រេចអនុម័តដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ។
ការសម្រេចអនុម័តយ៉ាងដូច្នេះ របស់ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ ដោយមានការចូលរួមពី គណៈអភិបាល គណៈនាយក លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, អធិការរងនគរបាលខណ្ឌ, តំណាងយោធភូមិភាគពិសេស, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ សរុបចំនួន៨៣នាក់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣នេះ ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ លោក ជុំ បាយ័នវិបុល គឺផ្តោតលើរបៀបវារៈចំនួន០៨ រួមមាន៖
*ទី១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២ (កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
*ទី២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
*ទី៣៖ ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្តីរាជការប្រចាំខែសីហា ឆ្នាំ២០១៩។
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
*ទី៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
*ទី៦៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
*ទី៧៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
និងទី៨៖ បញ្ហាផ្សេងៗ៕