(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមានអ្នកផ្ទុកជំងឺអេដស៍ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងជនពិការ សរុប១,៧៧១គ្រួសារ ដែលមកពី៣០ឃុំ ៥ស្រុក គឺស្រុកក្រូចឆ្មារ ត្បូងឃ្មុំ តំបែរ ញញាក្រែក និងមេមត់ ក្នុងខេត្តត្បូងឃ្មុំ។
ការចុះសំណេះសំណាលសួរសុខទុក្ខ របស់ប្រជាពលរដ្ឋនេះ បានប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ភូមិចារថ្មី ឃុំចុងជាយ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានមានប្រសាសន៍សួរសុខទុក្ខ ប្រកបដោយសេចក្ដីនឹករលឹក ជាមួយស្នាមញញឹមនៃក្ដីអាណិតស្រលាញ់ ដល់ប្រជាពលរដ្ឋ។ ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការពាំនាំព្រះរាជបន្ទូលសូរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។
ព្រមជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនូវការសួរសុខទុក្ខ ដល់បងប្អូនរួមជាតិពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ បានផ្ដល់អំណោយដល់ពលរដ្ឋងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារនេះ
ដោយគ្រួសារនិមួយៗទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ និងអាវ), អាហារ និងទឹកសុទ្ធ១ដប។ ជាពិសេស ក៏មានការផ្ដល់នូវរទេះ ជូនដល់ប្រជាពលរដ្ឋ ដែលមានពិការភាពផងដែរ។
លើសពីនោះ ប្រជាពលរដ្ឋ ក៏ទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន១ម៉ឺនរៀលទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
គួររម្លឹកផងដែរថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ការអញ្ជើញចុះមកសួរសុខទុក្ខ ស្វែងយល់ពីផលលំបាករបស់ប្រជាពលរដ្ឋដោយផ្ទាល់ នៅខេត្ដត្បូងឃ្មុំនេះ មិនមែនជាលើកទីមួយនោះឡើយ គឺច្រើនលើកច្រើនសារមកហើយ ក្រៅពីចាត់មន្ដ្រីជាសហការីចុះមក ដោយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចុះមកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅស្រុកតំបែរ ចំនួន១,៤៥០គ្រួសារ, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុកពញាក្រែក ចំនួន ១,២០០គ្រួសារ
និងក្នុងពេលទឹកជំនន់ ឆ្នាំ២០១៨ អ្នកម្ដាយមនុស្សធម៌ បានចុះចែកអំណោយចំនួន២លើកផងដែរ គឺនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅទន្លេបិទ ស្រុកត្បូងឃ្មុំ ចំនួន ១,៤៤២គ្រួសារ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំការគរ ស្រុកក្រូចឆ្មារ ចំនួន ២,៦៧១គ្រួសារ ។
កាកបាទក្រហមកម្ពុជា គឺជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុក្ខនរណាម្នាក់ចោលនោះឡើយ។
លើសពីនោះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕