(ភ្នំពេញ)៖ របាយការណ៍បានបង្ហាញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចំនួនភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តសៀមរាប មានការធ្លាក់ចុះ បើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ របាយការណ៍គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងខែកក្កដា កន្លងទៅនេះ ភ្ញៀវចូលទស្សនាប្រាសាទអង្គរមានជិត ១៥ម៉ឺននាក់ ដែលចំនួននេះធ្លាក់ចុះជិត ២០ភាគរយ បើធៀបឆ្នាំ២០១៨។ រយៈពេល៧ខែឆ្នាំ២០១៩វិញ ទទួលបានភ្ញៀវជិតជិត ១.៤លាននាក់ តែចំនួននេះធ្លាក់ចុះជាង ១០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ការធ្លាក់ភ្ញៀវទេសចរណ៍នៅក្នុងរដូវ Low Season ជារឿងធម្មតាក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ធ្លាក់ខុសពីបណ្តាឆ្នាំកន្លងទៅ។ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាបរូបនេះអះអាងថា ក្នុងខេត្តសៀមរាបបច្ចុប្បន្នមានបន្ទប់សណ្ឋាគារមានរហូតដល់ទៅប្រមាណ ២ម៉ឺនបន្ទប់ តែក្នុងមួយយប់មានភ្ញៀវចន្លោះពី ២ ទៅ ៣ពាន់នាក់ប៉ុណ្ណោះ ជាហេតុនាំឱ្យបន្ទប់សណ្ឋាគារជាច្រើននៅសល់។
លោក ហ្វីលីព កៅ បានសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធជួយរិះរកយន្តការល្អប្រសើរណាមួយ ដើម្បីឆ្លើយតបការធ្លាក់ភ្ញៀវនេះ។ លោក កៅ ចង់ឱ្យរាជរដ្ឋាភិបាលលើកលែងថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ដែលវិធីនេះមានប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃកំពុងអនុវត្តន៍ដើម្បីទាក់ទាញភ្ញៀវ។ លោកក៏ចង់ឱ្យមានការសម្របសម្រួលបើកឱ្យភ្ញៀវនៅប្រទេសជិតខាងដូចជាថៃ និងឡាវផងដែរ អាចបើករថយន្តចូលមកលេងដល់ខេត្តសៀមរាប។
លោក ហ្វីលីព កៅ ក៏ចង់ឱ្យមានការបង្កើតកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវផងដែរ។
ដើម្បីបានជ្រាបច្បាស់ពីកង្វល់ និងសំណូមពររបស់ប្រតិបត្តិករផ្នែកទេសចរណ៍នៅខេត្តសៀមរាប ក្នុងកំលុងធ្លាក់ភ្ញៀវនេះ សូមទស្សនាបទសម្ភាសន៍រវាងលោក វ៉ាន់ សាយ ជាមួយលោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប៖