(ភ្នំពេញ)៖ គម្រោងឃ្លាំងស្តុក និងឡសម្ងួតស្រូវ តម្លៃប្រមាណ១០លានដុល្លារ នឹងលេចវត្តមានឡើងនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង នាពេលឆាប់ៗនេះ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈធនាគារ់អភិវឌ្ឍន៍ជនបទ (RDB) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ នៅក្នុងខេត្តចំនួន៣នេះ ត្រូវបានដាក់បង្ហាញឡើងនៅល្ងាចទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលបានបង្ហាញឡើងក្នុងកិច្ចព្រមព្រៀង៣ភាគី ដែលមាន (អង្គភាពអនុវត្តគម្រោងនៃកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍ជនបទ និងរោងម៉ាស៊ីនកិនស្រូវដែលបានជ្រើសរើស) ដែលធ្វើឡើងក្រោមអធិបតីភាពលោក រស់ សីលវ៉ា អនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ជាមួយលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។
គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយភាគីចិន។ អនុស្សរណៈយោគយល់គ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation)។ ក្នុងនោះក្រុមហ៊ុនHenan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករនៅកម្ពុជា៕