(សៀមរាប)៖ ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដូចរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចការគ្រឿងញៀន លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន នៃកិច្ចប្រជុំបានបញ្ចប់ដោយរលូនក្រោមការដឹកនាំកិច្ចប្រជុំរបស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមានចូលរួមពីតំណាងមកពីប្រទេសអាស៊ាន, ចិន, ជប៉ុន, កូរ៉េ, រុស្សី, ឥណ្ឌា និងអង្គការ UNODC។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយមោទនភាពថា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចការគ្រឿងញៀន (ASOD) លើកទី៤០ ប្រព្រឹត្តទៅបានដោយរលូនប្រកបដោយខ្លឹមសារជ្រាលជ្រៅ ដោយបានដាក់ចេញនូវទិសដៅមួយចំនួន ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមានឡើង ក្នុងក្របខណ្ឌត្រួតពិនិត្យគ្រឿងញៀន ក្នុងដែនសមត្ថកិច្ច នៃបណ្តារដ្ឋជាសមាជិកអាស៊ាន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងបន្តថា កិច្ចប្រជុំបានធ្វើការកត់សម្គាល់ លើបញ្ហាមួយចំនួនដូចខាងក្រោម៖
*ទី១៖ សភាពការណ៍គ្រឿងញៀន ពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរគ្រឿងញៀនថា នៅតែបន្តកើតមាន ហើយតម្លៃគ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំង ចំណែកទីផ្សារប្រើប្រាស់គ្រឿងញៀន ត្រូវបានកិច្ចប្រជុំធ្វើការកត់សម្គាល់ថា មិនមានការថមថយតម្លៃដូចនៅកន្លែងផលិតទេ។
*ទី២៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន West African និងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលមានដើមកំណើតជាចិនដីគោក ដីកោះ នៅតែជាក្រុមឧក្រិដ្ឋជនសកម្ម ក្នុងការចរាចរជូញដូរគ្រឿងញៀន នៅក្នុងតំបន់អាស៊ាននេះ។
*ទី៣៖ ការរីករាលដាលការប្រើប្រាស់គ្រឿងញៀន ប្រភេទមេតំហ្វតាមីន ទាំងទម្រង់ជាគ្រាប់ គ្រីស្តាល់ អិចស្តាស៊ីមកពីអឺរ៉ុប និងការកើនឡើងនូវការប្រើប្រាស់ មេតំហ្វតាមីន និងសារធាតុគ្រឿងញៀនប្រភេទថ្មី។
*ទី៤៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន មានការគាំទ្រពីក្រុមប្រដាប់អាវុធខុសច្បាប់ការពារពួកគេ ឲ្យធ្វើការដាំដុះ និងផលិតគ្រឿងញៀន។
*ទី៥៖ ការកើនឡើងនូវការផលិតគ្រឿងញៀន សំយោគ ATS ផ្អែកទៅលើការនាំចូលសារធាតុគីមី ផ្សំទៅរកប្រភពនូវការផលិត ដោយមានការដឹកចូលសារធាតុគីមី ផ្សំទៅតំបន់ផលិតនូវបណ្តាសារធាតុគីមីផ្សំទាំងស្របច្បាប់ មិនស្របច្បាប់ និងទាំងការបង្វែរពីជំនួញស្របច្បាប់ ទៅកាន់ទីតាំងផលិតគ្រឿងញៀនខុសច្បាប់ ជាមូលហេតុនាំឲ្យមានកំណើនកើនឡើងនូវគ្រឿងញៀនសំយោគមានតម្លៃថោកផងដែរ។
*ទី៦៖ មានការការផលិតកែឆ្នៃនូវកេតាមីន ពពួកហ្វេនតានីល និងមានការចរាចរដោយខុសច្បាប់ពិសេសហ្វេនតានិលសង់តេទិក។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា ក្នុងក្របខណ្ឌកិច្ចប្រជុំរវាង ASOD ជាមួយចិន ជប៉ុន កូរ៉េ និងASOD+3 យើងបានធ្វើការឆ្លុះបញ្ចាំងអំពី កិច្ចការងារមួយចំនួនដែលប្រឈមនឹងការគំរាមកំហែងមួយចំនួន ដោយសារបញ្ហាគ្រឿញៀន នៅក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីឲ្យសមភាគី និងភាពជាដៃគូក្នុងនាមជាអាស៊ានផ្លើស ពិនិត្យលទ្ធភាពគាំទ្រគ្នាទៅវិញទៅមក ទាំងបច្ចេកទេសសម្ភារ ថវិកាសម្រាប់ធ្វើឲ្យប្រសើរឡើង ដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ព្រោះថាទាំងអាស៊ាន ចិន ជប៉ុន កូរ៉េ សុទ្ធតែជាប្រទេសដែលរងគ្រោះ ដោយសារក្រុមឧក្រិដ្ឋជនធ្វើការដាំដុះ ផលិតក្នុងតំបន់ផលិតគ្រឿងញៀនទាំងបីក្នុងពិភពលោក។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់ថា ក្រៅពីកិច្ចប្រជុំអាស៊ាន+៣ យើងមានកិច្ចប្រជុំអាស៊ាន+ឥណ្ឌា ដែលហៅថា ASOD+ឥណ្ឌា និងASOD+រុស្សី អ្វីដែលសំខាន់ គឺលទ្ធផល ASOD ទី៤០ សុទ្ធតែត្រូវបានរាយការណ៍ភាពជាសមភាគីជាដៃគូសន្ទនា ហើយបានឯកភាពរួមគ្នា ដាក់ចេញនូវទិសដៅ ធ្វើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដល់ឬសគល់ព្រោះថា បញ្ហាគ្រឿងញៀនមានភាពប្រទាក់ក្រលាគ្នា ទៅនឹងឧក្រិដ្ឋជនឆ្លងដែន៕