(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបន្តផ្ដល់សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
តាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល បានសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់»។
ជាមួយគ្នានេះដែរ សម្រាប់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះដែរនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចេញរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងត្រលប់មករាជធានីភ្នំពេញវិញ ដោយមិនគិតថ្លៃផងដែរ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និងមន្ត្រីចូលនិវត្តន៍។
គួរជម្រាបថា រាល់ពិធីបុណ្យជាតិធំៗ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ តែក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះរថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ៕