(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឱ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ តាមរយៈអ៉ិនធើណេតអនឡាញ ឱ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈរដ្ឋមន្ត្រី។
បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច ដឹកនាំគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។
សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់អាជីវកម្មល្បែងភ្នាល់ តាមម៉ាស៉ីនអេឡិចត្រូនិក តាមរយៈអ៉ិនធើណេតអនឡាញ ក្នុងនិងក្រៅប្រទេស គ្រប់ប្រភេទនិងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើខុសច្បាប់ និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មទាំងនេះ ឱ្យអស់នៅដំណាច់ឆ្នាំ២០១៩នេះ»។
សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាត្រូវអភិវឌ្ឍសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន នៃសេវាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាជាងការពឹងផ្អែកលើចំណូល ពីអាជីវកម្មល្បែងភ្នាល់អនឡាញ។
សម្តេចបានបន្តទៀតថា៖ រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍ ក្រុងព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងអាចក្លាយជាទីតាំងហិរញ្ញវត្ថុ នៅតាមឆ្នេរសមុទ្រកម្ពុជា ដោយផ្ដល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមានផ្លូវផ្នល់ និងប្រព័ន្ធលូជាដើម។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាលនឹងបន្តពង្រឹង ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការផ្ដល់សេវាសាធារណៈ ដើម្បីជាផ្នែកមួយក្នុងការចូលរួម ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេស។
នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន ៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេត ក្នុងនិងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាព នៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕