(ភ្នំពេញ)៖ «គេថាស្តាប់ឮ ១០០ដង មិនស្មើនឹងបានឃើញ ១ដងឡើយ! កម្ពុជា គឺជាកូនក្រមុំស្រស់ជាងគេនៅក្នុងតំបន់ ដូច្នេះសូមអញ្ជើញមកវិនិយោគឱ្យបានច្រើន យើងខ្ញុំសូមធានាជូនអ្នកវិនិយោគបរទេសគ្រប់រូប នូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។ នេះជាការអះអាងរបស់លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ លោក សំ សិរីរតន៍ បានប្រកាសស្វាគមន៍ និងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនចិន នៃខេត្តក្វាងទុង ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានពន្យល់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ការលើកទឹកចិត្តផ្សេងៗរបស់រាជដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ព្រមទាំងសភាពការវិវត្តន៍ថ្មីៗ ជាពិសេសការដាក់ចេញនូវកំណែទម្រង់ និងវិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
«កម្ពុជា គឺជាប្រទេសបើកចំហរ សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានការគាំពារវិនិយោគប្រសើរបំផុត! លោកអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគ លើផ្នែកកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសុខាភិបាល ព្រោះវិស័យទាំងអស់នេះ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល»។ លោក សិរីរតន៍ បានគូសបញ្ជាក់។
សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-ចិន នៅព្រឹកមិញនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដល់តំណាងក្រុមហ៊ុនចំនួន១៣០ ដែលអញ្ជើញមកពីខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈវេទិកាដ៏សំខាន់នេះ គេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន កើនឡើងថែមទៀត ខណៈដែលការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៦,៤៥៧លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ គឺបានកើនឡើងជាង ១៥% បើធៀបនឹងឆ្នាំ២០១៧៕