(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចំពោះការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។

តាមសេចក្តីប្រកាសលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តេចតេ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិននឹងបញ្ហាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺព្រះរាជាណាចក្រកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»

សូមបញ្ជាក់ថា ការប្រកាសជំហរប្រកាន់ខ្ជាប់នូវការអនុវត្តសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងនូវមីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភអំពីសន្តិសុខក្នុងតំបន់ និងសកលលោក៕