(សៀមរាប)៖ ក្រុមអ្នកជិះកង់ស្ម័គ្រចិត្តជិត ១០ក្រុម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានរួមគ្នាជិះកង់តាមគោលដៅដែលបានកំណត់លើទឹកដីប្រវត្តិសាស្ត្រអង្គរ ដើម្បីកៀរគរមូលនិធិជូនមន្ទីរពេទ្យកុមារអង្គរ។ ក្នុងយុទ្ធនាការនេះ ក្រុមសប្បុរសជនប្រមូលបានថវិកាចំនួន ៩៧,៩៨២,០០០រៀល។
ការចូលរួមជិះកង់ស្ម័គ្រចិត្តកៀរគរមូលនិធិ ជូនដល់មន្ទីរពេទ្យកុមារអង្គរនេះដឹកនាំដោយលោកស្រី ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ការជិះកង់រកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារដោយឥតគិតថ្លៃក្នុងខេត្តសៀមរាបនេះ ក៏មានការចូលពី លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ, លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៌អូរបី តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តសៀមរាប ក្រុមហ៊ុន GTVC និងក្រុមកង់តំបន់ភ្នំអារ៉ែង ដែលដឹកនាំដោយលោក តុល ស៊ីណា។
ការជិះកង់របស់ក្រុមអ្នកស្ម័គ្រចិត្ត មិនត្រឹមតែដើម្បីប្រមូលថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យដើម្បីសង្គ្រោះកុមារកម្ពុជាប៉ុណ្ណោះទេ ការជិះកង់លើទឹកដីអាណាចក្រអង្គរដ៏ល្បាញល្បីរបស់ខ្មែរនេះ ក៏បានរួមចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕