(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផល មុននឹងដឹកនាំគណៈប្រតិភូ គ.ជ.ប ទៅចូលរួមមហាសន្និបាតលើកទី៤ របស់ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា (A-WEB) ដែលរៀបចំនៅប្រទេសឥណ្ឌា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានបង្ហាញថា នៅក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ និងជាសមាជិក គ.ជ.ប បានរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ជំនួបលើកទី១ រវាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គីម យ៉ុងហ៊ី អគ្គលេខាធិការ A-WEB នៅទីស្តីការ គ.ជ.ប នៅក្នុងជំនួបនោះ លោក គីម យ៉ុងហ៊ី បានបញ្ចុះបញ្ចូល គ.ជ.ប ឱ្យក្លាយខ្លួន ជាសមាជិកពេញសិទ្ធិ នៃសមាគម A-WEB ដោយគូសបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងរបស់សមាគម គឺសហការគ្នាធ្វើយ៉ាងណា ឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ប្រព្រឹត្តទៅឱ្យកាន់តែមាន «សុក្រឹត្យភាព» និង «តម្លាភាព»។ ធម្មនុញ្ញភាពរបស់ A-WEB ចែងក្នុងមាត្រា ៣.១ គឺសមាគម A-WEB ជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាព និងឯករាជ្យភាព ដោយរួមបញ្ចូលសមាជិកមកពី គណៈកម្មាធិការរៀបចំ ការបោះឆ្នោតពិភពលោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យ របស់ប្រទេសជាសមាជិកនោះឡើយ។
តបតាមលិខិតអញ្ជើញរួមរបស់លោក ស៊ូនីល អារ៉ូរ៉ា (Sunil Arora) ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌា និងលោក គីម យ៉ុងហ៊ី (Kim Yong-Hi) អគ្គលេខាធិការនៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា (A-WEB) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងលោក ឌឹម សុវណ្ណារុំ ឱ្យដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៤ របស់សមាគមស្ថាប័ន A-WEB ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា។
ជាការឆ្លើយតបទៅនឹងគោលបំណងរបស់សមាគម A-WEB លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប បាននឹងកំពុងបំពេញភារកិច្ច និងមានទស្សនវិស័យមិនខុសពីគោលការណ៍ និងទស្សនវិស័យរបស់ A-WEB ទេ។ ពាក្យពីរម៉ាត់របស់ A-WEB «សុក្រឹត្យភាព» និង «តម្លាភាព» គឺជាគោលការណ៍២ ក្នុងចំណោមគោលការណ៍ទាំង៧ របស់ គ.ជ.ប។ គោលការណ៍ ៥ទៀតនោះ គឺឯករាជ្យភាព អព្យាក្រឹតភាព ប្រសិទ្ធភាព វិជ្ជាជីវភាព និងភាពជាអ្នកបម្រើសេវា។
លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសដែលបានជួយ គ.ជ.ប កម្ពុជារួមមាន៖ ចិន កូរ៉េខាងត្បូង រុស្សី និងជាពិសេសជប៉ុនតាមរយៈអង្គការ JICA ដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុង គ.ជ.ប ទេ និងផ្តោតតែទៅលើការងារបច្ចេកទេស។
សូមជម្រាបជូនថា គ.ជ.ប កម្ពុជាបច្ចុប្បន្ន ជាសមាជិកបម្រុងនៃសមាគមនេះ បន្ទាប់ពីទទួលបានលិខិតពី លោក គីម យ៉ុងហ៊ី ផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដោយគូសបញ្ជាក់ជាផ្លូវការថា «សូមអបអរសាទរលោក និង គ.ជ.ប ដែលត្រូវបានតែងតាំងជាសមាជិកបម្រុងរបស់ A-WEB ចាប់ពីកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាប្រតិបត្តិនៅខែមីនា ឆ្នាំ២០១៨ នេះតទៅ»។
បើតាមការគ្រោងទុក គ.ជ.ប កម្ពុជា ស្ថាប័នបោះឆ្នោតនៃប្រទេសអ៊ុយក្រែន ឥណ្ឌូនេស៊ី មូរីស អាហ្វហ្គានីស្ថាន និងសេរ៉ាឡេអ៊ន ព្រមទាំងសមាគមនៃអាជ្ញាធរបោះឆ្នោតអាស៊ីដែលហៅកាត់ថា (AAEA) នឹងត្រូវអនុម័តឱ្យក្លាយជាសមាជិកពេញសិទ្ធិនៃសមាគម A-WEB នៅក្នុងមហាសន្និបាតលើកទី៤នេះ។
មហាសន្និបាតរបស់ A-WEB ធ្វើឡើងក្នុងគោលបំណងរួម គឺខិតខំប្រឹងប្រែងធ្វើឱ្យ A-WEB ល្បីរន្ទឺជាអង្គការអន្តរជាតិមួយ ដើម្បីចែករំលែកការ ទទួលខុសត្រូវជាមួយប្រទេសសមាជិកទាំងអស់។ សកម្មភាព និងគម្រោងរបស់ A-WEB ត្រូវឆ្លុះបញ្ចាំងភាពជាដៃគូរួម និងការខិតខំប្រឹងប្រែង របស់សមាជិកឱ្យលេចចេញជាស្មារតីពហុសញ្ជាតិ។ A-WEB ផ្តល់ឱកាសដល់សមាជិកទាំងអស់ ចូលរួមធ្វើសេចក្តីសម្រេចស្តីពី ទិសដៅអនាគត របស់សមាគម ក្នុងទស្សនទានមួយ គឺធ្វើឱ្យមានផ្លែផ្កានៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ប្រកបដោយនិរន្តរភាព នៅទូទាំងពិភពលោក។
ក្នុងន័យនេះ ចាប់ពីពេលនេះតទៅ គ.ជ.ប កម្ពុជានឹងមានបេសកកម្មក្រៅប្រទេសដ៏មមាញឹក ដើម្បីចូលរួមប្រជុំក្រុមប្រឹក្សាប្រតិបត្តិមួយឆ្នាំម្តងៗ និងមហាសន្និបាតរៀងរាល់២ឆ្នាំម្តង ហើយដើម្បីដកស្រង់មេរៀន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាមួយស្ថាប័នរៀបចំការ បោះឆ្នោតអន្តរជាតិមកពី១០៦ប្រទេស ក្នុងនោះមានដូចជាប្រទេស អូស្រ្តាលី ប្រេស៊ីល កាណាដា កុងហ្គោ អេហ្សីប បារាំង (ក្រុមប្រឹក្សាធម្មនុញ្ញ) ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី ថៃ និងតួគីជាដើម៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖