(ភ្នំពេញ)៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ត្រូវបានសាងសង់ឡើងថ្មី និងកែលំអថ្មីជាច្រើនខ្សែនាំឱ្យផ្លូវ និងស្ពានមានប្រទាក់ក្រឡាគ្នាពីខេត្តមួយទៅខេត្តមួយ ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល។
ការសាងសង់ផ្លូវ និងស្ពាន ក៏ដូចជាការស្តារឡើងវិញផ្លូវទាំងនោះ ភាគច្រើនបំផុត គឺប្រើប្រាស់ប្រាក់កម្ចីពីបរទេស។ ដោយមើលឃើញផ្លូវ និងស្ពានភាគច្រើនបំផុតត្រូវសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីបរទេសនាំឱ្យមានការងឿងឆ្ងល់ថា តើកម្ពុជាគ្មានថវិកាជាតិសម្រាប់សាងសង់ផ្លូវទេឬ ទើបចេះតែខ្ចីបុលប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍រហូតបែបនេះ?
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បានលើកបង្ហាញថា ថវិកាជាតិរបស់កម្ពុជា ត្រូវយកទៅដោះស្រាយបញ្ហាជាច្រើនដូចជាការបើកប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាងសង់សាលារៀន សង់មន្ទីរពេទ្យ និងត្រៀមបម្រុងទុកដោះស្រាយបញ្ហាផ្សេងៗដទៃទៀត ហេតុដូច្នេះហើយទើបកម្ពុជាមិនប្រើប្រាស់ថវិកាជាតិសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ និងស្ពានជាដើមនេះ។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញទៀតថា ប្រទេសជាច្រើននៅលើពិភពលោកនៅពេលកសាងហេដ្ឋារចនាសម្ព័ន្ធ គឺតែងតែខ្ចីប្រាក់ពីប្រទេសជាមិត្ត ប្រាក់ពីធនាគារពិភពលោក (World Bank) ឬប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាដើម។ លោកបន្តថា ការខ្ចីប្រាក់មកសាងសង់ផ្លូវ និងស្ពានមិនជាបញ្ហានោះឡើយ ប៉ុន្តែត្រូវគ្រប់គ្រងប្រាក់កម្ចីឱ្យបានត្រឹមត្រូវ។
«សូមជម្រាបថា យើងប្រៀបធៀបប្រាក់កម្ចីសព្វថ្ងៃរបស់កម្ពុជា ប្រាក់កម្ចី និងចំណូលផលិតផលក្នុងស្រុកសរុបរបស់យើង (GDP) គឺកម្ពុជាយើងមានតែ ២១ភាគរយទេ។ ២១ភាគរយបើប្រៀធៀបជាមួយតំបន់អាស៊ានយើង កម្ពុជាមានអត្រាទៀបជាងគេបំផុត»។ លោក ស៊ុន ចាន់ថុល បញ្ជាក់។
លោករដ្ឋមន្ត្រីបន្តថា «ការគ្រប់គ្រងប្រាក់កម្ចីនេះ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រងបានល្អណាស់។ យើងខ្ចីគេដើម្បីយកមកកសាងផ្លូវ កសាងស្ពាន មិនមែនខ្ចីថវិកាគេនឹងមកទិញឡានថ្មីជិះ ទិញខោអាវពាក់ ឬចំណាយអ្វីផ្សេងៗនោះទេ គឺហ៊ានខ្ចី ដើម្បីយកមកកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចយើងមានការរីកចម្រើន»។
លោក ស៊ុន ចាន់ថុល បានថ្លែងចាត់ទុកការខ្ចីប្រាក់បរទេសមកសាងសង់ផ្លូវនេះ ប្រៀបដូចជាការវិនិយោគអ៊ីចឹងដែរ។ លោកបានពន្យល់ថា ប្រសិនបើខ្ចីលុយគេមកសាងសង់ផ្លូវ និងស្ពាន ហើយធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចជាតិគួរតែហ៊ានខ្ចី។
លោកបញ្ជាក់ដូច្នេះ «បើខ្ចី១០០ដុល្លារ ហើយធ្វើឱ្យជាតិយើងចំណេញ ១ពាន់ដុល្លារ យើងត្រូវតែហ៊ានខ្ចី»។ លោករដ្ឋមន្ត្រីពន្យល់បន្ថែមថា «យកលុយគេមកធ្វើដើមទុនរកស៊ី ដើម្បីឱ្យចំណេញទៅមុខតទៀត។ ប៉ុន្តែបើយើងខ្ចីគេយកមកទិញខោអាវស្លៀកពាក់ ហ៉ឺហារ ទិញឡានជិះ។ល។ អត់ចំណូលមកវិញ អាហ្នឹងវាខាតហើយ។ ប៉ុន្តែខ្ចីលុយគេទិញឡានមួយរត់តាក់ស៊ី ហើយវាចំណេញអាហ្នឹងវាត្រឹមត្រូវណាស់។ រាជរដ្ឋាភិបាលយើងគិតអ៊ីចឹង នេះជាការវិនិយោគមួយដែរនិយាយភាសាសាមញ្ញ»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ដែរថា ការដែលប្រទេសជាមិត្ត ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ហ៊ានឱ្យកម្ពុជាខ្ចីលុយ ក៏ដោយសារគេបានពិនិត្យឃើញពីលទ្ធភាពរបស់កម្ពុជាអាចរកប្រាក់បង់រំលោះការប្រាក់តាមរយៈកំណើនសេដ្ឋកិច្ច ក្រោយសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួចរាល់។ លោកបានសង្កត់ធ្ងន់ធ្ងរថា ប្រសិនបើគេមើលឃើញកម្ពុជាមិនមានលទ្ធភាពសងការប្រាក់វិញទេ ក៏គេមិនឱ្យខ្ចីនោះឡើយ៕
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានបញ្ជាក់ឱ្យដឹងថា មកដល់ចុងឆ្នាំ២០១៨ កម្ពុជាជាប់បំណុលបរទេសប្រមាណជា ៧ពាន់លានដុល្លារអាមេរិក។ បំណុលនោះភាគច្រើនបំផុតសម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ និងស្ពាន៕