(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវចេញដំណើរ ទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី១២ ចំនួន១៦៩នាក់ នៅប្រទេសអ៊ីស្រាអែល រយៈពេល១១ខែ។
លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបាន និងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។
លោករដ្ឋមន្ត្រីបន្តថា លទ្ធផលជាផ្លែផ្កានេះ ទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើង ទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើន ឡើងជាបន្តបន្ទាប់។
លោករដ្ឋមន្រ្តីបានធ្វើអត្ថាធិបាយដោយសង្ខេបអំ ពីការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័នគាំទ្រសំខាន់ៗ ជាពិសេសវិស័យកសិកម្ម។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាព នៃផលិតផលកសិកម្ម ទាមទារចាំបាច់ធនធានុមនុស្ស ដែលពោរពេលដោយសក្តានុពល ទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើង ដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូប ឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាម តស៊ូអត់ធន់ ដើម្បីអភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម បុគ្គលល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិ ក្រោយពីត្រឡប់មកមាតុភូមិវិញ។
លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាជំនួយស្មារតីដល់ក្មួយៗ និស្សិតយកទៅគិតគូរពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖
ទី១៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប (Modern Technology) បច្ចេកវិទ្យាវៃឆ្លាត (SMART Technology) ដើម្បីរត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤ សម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) និងសម័យបញ្ញាសិប្បនិមិត្ត AI (Artificial Intelligence) ជាដើម ។
ទី២៖ ត្រូវគោរពច្បាប់ វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង។ មិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយ នៅក្នុងប្រទេសគេទ្បើយ។
ទី៣៖ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ ដែលរស់នៅរៀនសូត្រ និងបំពេញការងារជាមួយគ្នា។
ទី៤៖ ក្មួយៗនឹងត្រូវប្រឡូក នៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។ នេះជាឱកាសដ៏ល្អរបស់ក្មួយៗ ដែលត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួនឲ្យក្លាយ ជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗ នាពេលអនាគតក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ៕