(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី ប្រកួតប្រជែងជួញដូរភាគហ៊ុន (Stock Trading Competition) និងកម្មវិធីប្រកួតប្រជែងវិភាគភាគហ៊ុន (Stock Investment Analysis Competition)លើកទី៤ ឆ្នំាំ២០១៩។
កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, លោក ហា ចុងវ័ន អគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា និងភ្ញៀវយ៉ាងច្រើនកុះករ។
កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ជាក់ស្ដែងសម្រាប់ឆ្នាំ២០១៩ ជាលើកទី៤ហើយ ដែលផ្សារមូលបត្រកម្ពុជា រៀបចំកម្មវិធីនេះឡើង។
កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនឆ្នាំនេះ ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់៨លានរៀល, ពានរង្វាន់ និងវិញ្ញាបនបត្រ, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់៥លានរៀល ពានរង្វាន់ និងវិញ្ញាបនបត្រ, ជ័យលាភីលេខ៣ទទួលបានទឹកប្រាក់៣លានរៀល ពានរង្វាន់ និងវិញ្ញាបនបត្រ។
ដោយឡែកសម្រាប់ជ័យលាភី៣រូបបន្ទាប់ទៀត នឹងទទួលបានទឹកប្រាក់១លានរៀលក្នុងម្នាក់ ហើយសម្រប់ជ័យលាភីវិនិយោគិនសកម្ម ទទួលបានទឹកប្រាក់៤លានរៀល ពានរង្វាន់ និងវិញ្ញាបនបត្រ។ ការបរិច្ឆេទចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ រយៈពេលប្រកួតចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។
លោក ហុង សុហួរ បានឲ្យដឹងថា វេទិកានេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវព័ត៌មានពី ស្ថានភាពរបស់ទីផ្សារបច្ចុប្បន្ន ការបើកគណនីជួញដូរ នៅនឹងកន្លែងព្រមទាំង មានការបណ្តុះបណ្តាលពី មូលដ្ឋានគ្រិះនៃការវិភាគ លើការវិនិយោគភាគហ៊ុន។
លោកបាឲ្យដឹងថា ថ្ងៃនេះជាថ្ងៃទី១នៃការបើកឱ្យមានការចុះឈ្មោះ ចូលរួមកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន និងកម្មវិធីប្រកួតប្រជែងវិភាគលើភាគហ៊ុន។ កន្លងទៅ CSX បានរៀបចំកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទីមួយ ក្នុងឆ្នាំ២០១៦ជ័យលាភីជើងឯក ទទួលបានអត្រាចំណេញរហូតដល់១៤៨,៩១% កម្មវិធីលើកទី២ឆ្នាំ២០១៧ ជ័យលាភីជើងឯងទទួលបានអត្រាចំណេញ ៥២.៦៣% និងលើកទី៣ឆ្នាំ២០១៨ ជ័យលាភីជើងឯកទទួលបានអត្រាចំណេញ ២៤៧.៥០%។
លោកបានបន្ថែមថា នេះបង្ហាញពីអត្រាចំណេញខ្ពស់ពី ការជួញដូរភាគហ៊ុន ប្រសិនបើវិនិយោគិន មានយុទ្ធសាស្រ្ត និងការវិភាគបានត្រឹមត្រូវ។ កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនឆ្នាំនេះ នឹងជ្រើសរើសជ័យលាភី៧រូប ក្នុងនោះ៣រូបដំបូងនឹងទទួលបានរង្វាន់ ជាទឹកប្រាក់៨លានរៀល, ៥លានរៀល, និង៣លានរៀល។
លោកបន្ថែមថា ជ័យលាភីលេខ៤, លេខ៥ និងលេខ៦ នឹងទទួលបាន១លានរៀលក្នុងម្នាក់ ចំណែកជ័យលាភីមួយរូបទៀតដែលហៅថា ជ័យលាភីវិនិយោគិនសកម្ម នឹងទទួលបានរង្វាន់ ជាទឹកប្រាក់៤លានរៀល។ ជ័យលាភី៦នាក់ដំបូងជាបេក្ខជន ដែលជួញដូរ និងទទួលបានអត្រាចំណេញខ្ពស់ជាងគេ ចំណែកជ័យលាភីវិនិយោគិនសកម្មវិញ គឺជាបេក្ខជន ដែលទទួលបានអត្រាចំណេញវិជ្ជមាន និងមានការជួញដូរច្រើនជាងគេ ធៀបនឹងទុនដើមគ្រា។
លោកបញ្ជាក់ថា «ខ្ញុំក៏សូមបង្ហាញជូនពីការប្រកួតប្រជែងថ្មីមួយទៀត សម្រាប់វិនិយោគិន និងសាធារណជនទូទៅក៏ដូចជា ប្អូនៗនិស្សិតគឺកម្មវិធីប្រកួតប្រជែងវិភាគលើភាគហ៊ុន។ សាធារណជនអាចចុះឈ្មោះ ចូលរួមចាប់ពីពេលនេះតទៅ ដោយបុគ្គលម្នាក់ឯង ឬជាក្រុម ហើយធ្វើរបាយការណ៍វិភាគ ទៅលើកត្តាមូលដ្ឋាន និងកត្តាបច្ចេកទេសទៅលើភាគហ៊ុនទាំង៥ ដើម្បីស្វែងរកថាភាគហ៊ុនណាខ្លះ ដែលប្រហែលជាមានតម្លៃថ្លៃ និងគួរលក់ចេញ ហើយភាគហ៊ុនណាខ្លះ ដែលធូរថ្លៃនិងគួរវិនិយោគបន្ថែម»។
លោកបញ្ជាក់បន្ថែមថា ពិន្ទុនឹងត្រូវផ្តល់៥០% ទៅលើរបាយការណ៍ និង៥០%ទៀតទៅលើការធ្វើបទបង្ហាញ និងការចោទសំនួរពីគណៈកម្មការវាយតម្លៃ។ រង្វាន់ក្នុងកម្មវិធីនេះលេខ១ទទួលបាន៨លានរៀល លេខ៣ទទួលបាន៤បួនលានរៀល លេខ៣ ទទួលបាន២លានរៀល ហើយ៧នាក់ផ្សេងទៀត ក៏នឹងទទួលបានបណ្ណសរសើរផងដែរ។
លោកបន្ដថា ជាក់ស្ដែងសម្រាប់លទ្ធផលបានមកពី ការស្រាវជ្រាវរបស់បេក្ខជនទាំង១០ នឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីជាប្រយោជន៍រួម របស់ទីផ្សារទាំងមូល៕