(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គ.ជ.ប កម្ពុជាអាចនឹងក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា A-WEB ។
លោក ឌឹម សុវណ្ណារុំ បានអះអាងបែបនេះ នៅក្នុងសន្និសីទមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលលោកដឹកនាំប្រតិភូ គ.ជ.ប ដែលជាសមាជិកបម្រុងរបស់ A-WEB ទៅចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតលើកទី៤ និងសន្និសីទអន្តរជាតិ ឆ្នាំ២០១៩ នៃ A-WEB ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប អាចនឹងក្លាយខ្លួនជាសមាជិកពេញសិទ្ធិ នៅពេលខាងមុខ ក្នុងក្របខណ្ឌ A-WEB (មហាសន្និបាតលើកទី៤) បង្កើតកាលពីឆ្នាំ២០១៣នោះ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ មានចំនួន៦លើកទៅហើយ។ លើកទី៦ គឺជាព្រឹត្តិការណ៍សំខាន់ ដោយសមាជិកប្រឹក្សាប្រតិបត្តិបានទទួលយក និងអនុញ្ញាតឱ្យ គ.ជ.ប ជាសមាជិកបម្រុងនៃ A-WEB»។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំង គណៈប្រតិភូ គ.ជ.ប មួយដឹកនាំដោយលោក ឌឹម សុវណ្ណារុំ ដើម្បីទៅចូលរួមជាលើកទី១ ក្នុងព្រឹត្តិការណ៍នេះ ជាមួយសមាជិកសរុបចំនួន១១៤ មកពី ១០៦ប្រទេស។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងនោះស្ថាប័ន គ.ជ.ប កម្ពុជា, ស្ថាប័នបោះឆ្នោតនៃប្រទេសអ៊ុយក្រែន, ឥណ្ឌូនេស៊ី, មូរីស, អាហ្វហ្គានីស្ថាន និងសេរ៉ាឡេអ៊ន ព្រមទាំងសមាគម នៃអាជ្ញាធរបោះឆ្នោតអាស៉ី ដែលហៅកាត់ថា AAEA នឹងត្រូវអនុម័ត ឱ្យក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគម A-WEB នៅក្នុងមហាសន្និបាតលើកទី៤នេះ។
បើតាមលោក ឌឹម សុវណ្ណារុំ មហាសន្និបាតរបស់ A-WEB នឹងត្រូវធ្វើឡើងក្នុងគោលបំណង ខិតខំធ្វើឱ្យអង្គការមួយនេះ ល្បីរន្ទឺជាអង្គការអន្តរជាតិមួយ ជាមួយប្រទេសសមាជិកទាំងអស់។
លោកថ្លែងទៀតថា ការក្លាយខ្លួនជាសមាជិកពេញសិទ្ធិ A-WEB នឹងធ្វើឱ្យស្ថាប័ន គ.ជ.ប កម្ពុជា នឹងធ្វើឱ្យប្រទេសយើងទាំងមូល មានកិត្តិយសខ្លាំងឡើងៗ។ លោកបានលើកឧទាហរណ៍ ដែលប្រទេសជាច្រើន បានចេញសេចក្តីថ្លែងការណ៍ កោតសរសើរកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតបានយ៉ាងល្អ ហើយមហាអំណាចឥណ្ឌា និងប្រទេសម៉ាឡេស៉ី ធ្លាប់សុំរៀនសូត្រពី គ.ជ.ប កម្ពុជាផងដែរ៕