(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺថា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះថា អាជ្ញាធរសម្រេចផ្អាកបណ្ដោះអាសន្ន ការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រង់តំបន់ស្ទឹងសំរោង គីឡូម៉ែត្រលេខ១១៦ ដោយសារតែជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ មានប្រវែងកាន់តែវែង និងខ្ពស់ទៅៗ។
លោកអភិបាលខេត្តបានអំពាវនាវឲ្យយានយន្ដ ដែលធ្វើដំណើរទៅតាមផ្លូវខាងលើអាចវាងទៅកាន់ផ្លូវផ្សេងៗទៀតដូចជា៖ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤១ជាដើម។
សូមជម្រាបថា ឲ្យតែមានជំនន់ទឹកភ្លៀងខ្លាំង នៅទីតាំងចំណុចស្ទឹងសំរោង ដែលស្ថិតក្នុងព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ស្ថិតក្នុងភូមិសាស្ត្រឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តែងតែមានទឹកជំនន់ហូរកាត់ ដែលធ្វើឲ្យអាជ្ញាធរសម្រេចចិត្តផ្អាកចរាចរណ៍យានយន្ដលើផ្លូវនេះផងដែរ៕