(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបិទវគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងបើកវគ្គបណ្តុះបណ្តាលយោធាចារ្យរយៈពេលខ្លី ជំនាន់ទី១ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការនៃការជ្រើសរើស និងបណ្ដុះបណ្ដាលយោធាចារ្យ គឺសំខាន់ណាស់ គឺត្រូវផ្ដល់នូវគុណភាពឲ្យចំគោលដៅជាជាងបរិមាណ ដែលត្រូវបណ្ដុះបណ្ដាលជាជំហានៗ ហើយជាប់ជាប្រចាំ។ គោលការណ៍ នៃការជ្រើសរើស និងបណ្ដុះបណ្ដាលនាយទាហាន ដែលត្រូវធ្វើជាយោធាចារ្យដោយផ្ដោតលើអ្នកបានបញ្ចប់ជំនាញ ប្រកបដោយលទ្ធផលល្អ មានចំណេះដឹង សមត្ថភាព ភាពទទួលខុសត្រូវជាគ្រូគេ ព្រោះយោធាចារ្យម្នាក់ៗត្រូវបង្កើតចំណេះអោយអ្នកបន្តទៀតយកទៅប្រើប្រាស់នៅលើសមរភូមិ និងការពារខ្លួនឲ្យមានសុវត្ថិភាព។ ការបណ្ដុះបណ្ដាលត្រូវផ្ដោតលើកត្តា៣សំខាន់គឺសាលាដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ មានឯកសារល្អ និងយោធាចារ្យមានជំនាញច្បាស់។
លោកបានបញ្ជាក់ថា «ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារហ្វឹកហ្វឺន ស្របនឹងផែនការរបស់អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានដាក់ចេញ រួមមាន ការហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព, កសាងធនធានមនុស្សគ្រប់ជំនាញដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសហ្វឹកហ្វឺនបណ្តុះបណ្តាលគរុកោសល្យយោធាចារ្យ ដើម្បី បំពេញក្របខណ្ឌដល់បណ្តាសាលាចំណុះកងទ័ពជើងគោក និងពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺនគ្រប់បណ្តាសាលា ទាំងការគ្រប់គ្រងធនធានមនុស្ស, ទាំងទីលានហ្វឹកហាត់ និងមូលដ្ឋានសម្ភារៈឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីអនុវត្តការងារហ្វឹកហ្វឺនឱ្យមានប្រសិទ្ធភាព»។
វគ្គបណ្តុះបណ្តាលយោធាចារ្យរយៈពេលខ្លី ជំនាន់ទី១ នាពេលនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបញ្ជាការដ្ឋានទ័ពជំនាញ, ការិយាល័យជំនាញ, និងបណ្តាកងឯកភាពពាក់ព័ន្ធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងមានការជួយឧបត្ថម្ភផ្តល់គ្រូជំនាញផងដែរពីសំណាក់បណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន ដែលទាំងនេះស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរបស់គ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេរមភូមិន្ទ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសយោធាចារ្យវ័យក្មេងនៅតាមបណ្តាសាលា ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅកសាងជួរកងកម្លាំងបន្តវេននាពេលបច្ចុប្បន្ន និងទៅអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការងារកែទម្រង់កងយោធពលខេមរភូមិន្ទ។ នេះជាការបន្ថែមពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន គឺជាការប្រកួតជំនាញប្រយុទ្ធបាញ់កាំភ្លើង រវាងកងកម្លាំងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រកួតសាកល្បង និងបង្កើនសមត្ថភាពជំនាញប្រយុទ្ធបាញ់កាំភ្លើង និងស្មារតីបំពេញការងារជាក្រុម។
កម្មវិធីនេះ ក៏ជាឱកាសមួយសម្រាប់កងកម្លាំងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានជួបប្រាស្រ័យទាក់ទង ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងនាមជាយុទ្ធមិត្ត ដែលមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់៕