(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចូលរួមដាំដើមឈើ ដែលព្រះមហាក្សត្រ ប្រទាន យកទៅដាំនៅតាមសួនច្បារមុខសាលាខេត្តកំពង់ចាមតែម្តង។
តាមមន្ត្រីសាលាខេត្ត ឲ្យដឹងថា ដើមឈើដែលលោកអភិបាលខេត្ត បានចូលរួមដាំនៅតាមសួនច្បារ សុទ្ធតែប្រភេទកូនដើមឈើសំខាន់ៗ ដែលព្រះមហាក្សត្រប្រទាន
ក្នុងនោះមានដូចជា៖ ដើមបេង, ដើមនាងនួន, ដើមក្រញូង, ដើមធ្នង់ និងដើមត្រយឹង។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ប្រភេទដើមឈើខាងលើ គឺជាដើមឈើប្រណិតសំខាន់ៗ នៅកម្ពុជា យើងហើយដើមឈើដែលបានដាំនៅតាមសួនច្បារនេះ យើងរំពឹងទុកថានឹងអាចលូតលាស់ ធំធាត់ ផ្ដល់ប្រយោជន៍ច្រើនដូចជា បានជាម្លប់សាខាជាសួនឧទ្យានសម្រាប់ប្រជាពលរដ្ឋ បានជ្រកលំហែកាយនៅតំបន់នេះនាថ្ងៃអនាគត៕