(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការដុតចោល ឬកប់វត្ថុ ដែលអាចដក់ទឹកបាន នារដូវវស្សានេះ ក្នុងការលុបបំបាត់ជម្រកមូសខ្លា បើក្នុងករណីមានកើតឡើងកន្តួលក្រហម នៅលើស្បែក និងក្ដៅខ្លួនងងុយតែដេក សូមប្រញាប់ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះសង្ស័យអាចឆ្លងជំងឺគ្រុនឈាមហើយ។
ការអំពាវនាវរបស់លោក ស៊ូ សោគន្ធ ធ្វើឡើងក្នុងឱកាសបានដឹកនាំមន្ត្រីពាក់ព័ន្ធ ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាកាកបាទកក្រហមខណ្ឌ ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ក្នុងជីវភាពចំនួន៣១គ្រួសារ មកពី៣ភូមិ ស្ថិតនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានសំណូមពរឲ្យប្រជាពលរដ្ឋគួរកុំនៅកន្លែងងងិត និងពាក់អាវដៃវែង ខោរជើងវែង គេងដាក់មុងត្រឹមត្រូវជានិច្ច និងប្រើធូបមូស ឬថ្នាំបាញ់មូស រួមជាមួយការដាក់ថ្នាំអាបេតក្នុងពាងទឹក អាងទឹក កាន់តែប្រសើរ ហើយបើកទ្វារបង្អួចឲ្យមានពន្លឺថ្ងៃចេញ-ចូល។
បន្ទាប់ពីអំពាវនាវឲ្យយកចិត្តទុកដាក់ក្នុងការដុតចោល ឬកប់វត្ថុ ដែលអាចដក់ទឹកបាន នារដូវវស្សានេះ ក្នុងការលុបបំបាត់ជម្រកមូសខ្លា បើក្នុងករណីមានកើតឡើង កន្តួលក្រហម នៅលើស្បែក និងក្ដៅខ្លួនងងុយតែដេក សូមប្រញាប់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះសង្ស័យអាចឆ្លងជំងឺគ្រុនឈាមហើយ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា រាល់អំណោយដែលកាកបាទក្រហមនាំយកមកចែកជូនដល់បងប្អូនជួបការខ្វះខាតរៀងរាល់សប្ដាហ៍នេះ បានមកពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា និងបណ្ដាអង្គការសប្បុរសធម៌ ក៏ដូចជាព្រះសង្ឃគ្រប់បណ្ដាវត្តអារាម ទាំងក្នុង និងក្រៅមូលដ្ឋានគ្រប់ទិសទី ដោយផ្ដើមចេញពីការមើលឃើញរាល់គ្រប់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមខណ្ឌ ក្នុងការជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ រហូតទទួលបានការកោតសរសើរ និងយកគំរូតាមពី បណ្ដាស្ថាប័នកាកបាទក្រហម អឌ្ឍច័ន្ទក្រហម។
សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាពនាពេលនេះ ចំនួន៣១គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៤ម៉ឺនរៀល ក្នុងនោះថវិកា៣ម៉ឺនរៀល ជាអំណោយរបស់អនុសាខាខណ្ឌ និង១ម៉ឺនរៀលផ្សេងទៀត ជាថវិការបស់លោកស្រី សុខ ដេម៉ា សមាជិកក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ៦៕