(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានថ្លែងថា ពេលនេះ ដល់ពេលត្រូវចាប់អនុវត្តច្បាប់ចរាចរផ្លូវគោកហើយ នៅពេលវិធានការអប់រំ និងផ្សព្វផ្សាយត្រូវបានបញ្ចប់ ជាពិសេសក្រោយទុករយៈពេលមួយខែចុងក្រោយនេះ។ ពេលនេះការរឹតបន្តឹងការអនុវត្តច្បាប់ និងការផាកពិន័យស្ថិតនៅជួរមុខឯការអប់រំនៅជួរក្រោយវិញ។
លោកអភិបាលក្រុង ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទរាជធានីភ្នំពេញ ទៅចូលរួមក្នុងកម្មវិធីណាមួយ ត្រូវលើកយកកម្មវិធីផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស ប្រាប់ទៅប្រជាពលរដ្ឋ ឲ្យបានគ្រប់វេទិកា ទាំងអស់។
លោកបន្តថា តាមការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់អាជ្ញាធររាជធានី-ខេត្ត ទាំង២៥ ឲ្យអនុវត្តឲ្យបានម៉ឺនម៉ាត់ លើការបង្ក្រាបគ្រឿងញៀន និងការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរ ផ្លូវគោក នៅពេលដែលឱសានុវាទ នៃការអប់រំនឹងត្រូវបញ្ចប់ ត្រឹមថ្ងៃទី៣ កញ្ញាខាងមុខនេះ ហើយចូលដល់វិធានការអនុវត្តច្បាប់ម្តង ឬអាចឈានទៅដល់តុលាការទៀត។
លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានលើកឡើងថា រយៈពេល១ខែចុងក្រោយនេះ គ្រោះថ្នាក់ចរាចរនៅរាជធានីភ្នំពេញ មានការថយចុះ១១ករណី បើប្រៀបធៀបនឹងខែមុន។ តែមនុស្សស្លាប់កើនឡើង។ ភាគច្រើនគ្រោះថ្នាក់នៅពេលយប់នឹងអត់ពាក់មួកសុវត្ថិភាព ។ ជនរងគ្រោះភាគច្រើន អាយុក្រោម៣០ឆ្នាំ ជាសរសរទ្រូងប្រទេសជាតិ។
លោកស្នងការបន្តថា ពាក់ព័ន្ធគ្រឿងញៀន ឃើញថា តាមក្លឹបកំសាន្តនានាហាក់ដូចជា បានប្រសើរក្រោយពីយើងបំបែកសំបុកធំៗ ប៉ុន្មានករណីកន្លងមក។ តែគ្រឿងញៀននេះ វាបានបែកខ្ញែកទៅតាមតំបន់តូចៗដូចជា៖ តាមផ្ទះជួល, ផ្ទះសំណាក់, កន្លែងកំសាន្តផ្សេងៗ តែយ៉ាងណាពេលនេះយើងកំពុងបន្តស្រាវ ជ្រាវរកភស្តុតាងដើម្បីបង្ក្រាប។
លោកបន្ដទៀតថា យើងបំបែកទីតាំងគ្រឿងញៀនបាន គឺបានជួយ ដល់រឿងសន្តិសុខច្រើនណាស់ តែទោះបីយ៉ាងណាសុំឲ្យមានកិច្ចសហការជិតស្និត ពីអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីឈានទៅទប់ស្កាត់ឲ្យបានខ្លាំងក្លា គឺយើងត្រូវ ទៅតាមរំខានដល់កន្លែងលាក់ខ្លួនរបស់ជនសង្ស័យ៕