(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានជំរុញឱ្យមានការចូលរួមប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពតឱ្យបានផុសផុល ដោយកំណត់យកខេត្តកំពត ជាខេត្តគំរូមុនគេរៀបចំវិថីលក់ម្ហូបអាហារ ឬហៅថា Food Street នេះ។
ទន្ទឹមនឹងការជំរុញនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅខេត្តកំពត នៅសណ្ឋាគារអូឡាំព្យាស៊ីធី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
នាឱកាសនោះ លោក ណេប សាមុត បានឱ្យដឹងថា «ម្ហូបអាហារ» ត្រូវបានពិភពលោកចាត់ទុកជាភាពទាក់ទាញថ្មីមួយដ៏សំខាន់ សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ លើសពីនេះ ម្ហូបអាហារបាននិងកំពុងអភិវឌ្ឍន៍ជាបណ្តើរក្លាយជាមូលហេតុចម្បង នៃការជ្រើសរើសគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្តរបស់ទេសចរ។
លោកអគ្គនាយកបានបញ្ជាក់ថា «វិថីលក់ម្ហូបអាហារ» ជារបៀបមួយនៃពិព័រណ៍ម្ហូបអាហារដ៏ពេញនិយម ដែលត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ ជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យកាន់តែយូរ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
នៅអំលុងថ្ងៃ២០-២២ ខែធ្នូ ឆ្នាំ២០១៩នេះ នឹងមានរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដែលនេះគឺជាមូលហេតុមួយតម្រូវឱ្យគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជ្រើសរើសទីក្រុងកំពតជាទីតាំងដាក់ឱ្យប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» សម្រាប់ឆ្នាំ២០១៩។
លោក ណេប សាមុត បានបញ្ជាក់បន្ថែមថា ការប្រឡងប្រណាំងនេះ គឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥ ឬបញ្ចប់ការសិក្សាលើជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ព័ន្ធ អាចចុះឈ្មោះបានដោយសេរី តាមរយៈអនឡាញក៏បាន (ស្កេន QR Code នៅលើខិត្តបណ្ណផ្សព្វផ្សាយ) ឬអាចដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានទីតាំងនៅទីស្ដីការក្រសួងទេសចរណ៍។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ អមជាមួយការផ្ដល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ក្រុម រួមមាន៖
* ចំណាត់ថ្នាក់លេខ១ ថវិកាចំនួន ៤លានរៀល
* ចំណាត់ថ្នាក់លេខ២ ថវិកាចំនួន ៣លានរៀល
* ចំណាត់ថ្នាក់លេខ៣ ថវិកាចំនួន ២លានរៀល៕