(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០៣ខ្សែ និងរៀបចំពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់រលួស។
ផ្លូវបេតុងទាំង០៣ខ្សែ រួមមាន៖ ទី១៖ ប្រវែង៣៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល, ទី២៖ ប្រវែង ២១៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ និងទី៣៖ ប្រវែង១៧៨ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្រពើទ្រោម។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក្រៅពីការលើកឡើង ចំពោះការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូន មុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអធ្រាស្រ័យ ចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕