(ភ្នំពេញ)៖ អាយ.អេ.អឹម.អេ កម្ពុជា (IAMA Cambodia) នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ បានដឹកនាំកុមារមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីពួកគេបានចូលរួមប្រកួត កម្មវិធីគិតលេខគណិតវិទ្យារហ័ស លំដាប់ពិភពថ្នាក់លោក ដោយឈ្នះពានចំនួន១០ និងមេដាយចំនួន២០ នៅកោះតៃវ៉ាន់។
ក្នុងការប្រកួតគិតលេខគណិតវិទ្យារហ័ស លំដាប់ពិភពលោក ដែលត្រូវបានរៀបចំដោយ IAMA International កាលពីថ្ងៃទី២៥ សីហាកន្លងទៅនេះ មានកុមារកម្ពុជាចំនួន ២៨នាក់ ត្រូវបានឲ្យធ្វើជាតំណាងកុមារកម្ពុជា ទៅប្រកួតប្រជែងក្នុងចំណោមកុមារចំនួន ៨០០នាក់ទៀត មកពីជុំវិញពិភពលោក។ កុមារទាំងនោះមកពីបណ្តាប្រទេស ដូចជា ជប៉ុន ចិន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ថៃ សិង្ហបុរី ម៉ាឡេស៉ី កាណាដា ឥណ្ឌា និងហុងកុងជាដើម។
លោក ឯក សុថាវ័ន្ត អគ្គនាយក អាយ.អេ.អឹម.អេ កម្ពុជា បានថ្លែងថា កុមារកម្ពុជាបានឈ្នះពានចំនួន១០ និងមេដាយចំនួន២០ ហើយជ័យជន្នះនេះ គឺជាកម្លាំងចលករដ៏ធំមួយ សម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល ក្នុងការជំរុញឲ្យកូនខ្មែរដទៃទៀត ខិតខំប្រឹងប្រែងរៀនសូត្រ វិធីគិតលេខរហ័សនេះ ដើម្បីចូលរួមប្រកួតប្រជែងជាលក្ខណៈជាតិ និងអន្តរជាតិ។ លោកបន្តថា កូនខ្មែរមានសមត្ថភាពខ្លាំង មិនចាញ់បណ្តាប្រទេសនានា នៅលើពិភពលោកឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចឃើញស្រាប់ចឹងថា កូនខ្មែរយើងមានលទ្ធភាពធ្វើបានដែរ ក្នុងការប្រកួតប្រជែងក្នុងចំណោម១៤ប្រទេស ហើយយើងបានបញ្ជូនសិស្សយើងទៅចូលរួម ចំនួន២៨នាក់។ នៅក្នុងនោះយើងបានជ័យលាភី លេខ២ចំនួន២នាក់ លេខ៣ចំនួន៦នាក់ និងលេខ៣ស្ទួនចំនួន៨នាក់ និងមេដាយចំនួន២០នាក់»។
លោក ឯក សុថាវ័ន្ត បន្តថា លទ្ធផលដ៏នេះផងដែរ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានថា វិស័យអប់រំនៅកម្ពុជា កាន់តែមានការរីកចម្រើនជាលំដាប់។ លោកថ្លែងថា ក្នុងនាមលោកជាបុគ្គល នៅក្នុងវិស័យអប់រំម្នាក់ លោកនឹងខិតខំជំរុញឲ្យកុមារ និងសិស្សានុសិស្សទូទាំងកម្ពុជា កាន់តែមានសមត្ថភាពខ្លាំងពូកែ តាមរយៈការរៀនគិតលេខរបស់ពី IAMA ។
អគ្គនាយក អាយ.អេ.អឹម.អេ កម្ពុជា បញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអរគុណដល់ឪពុកម្តាយគ្រប់រូប ដែលបានបញ្ជូនកូនទៅប្រឡងគិតលេខរហ័ស នៅកោះតៃវ៉ាន់ ក្នុងចំណោមអ្នកចូលរួមចំនួន ៨០០នាក់ មកពីជុំវិញពិភពលោក។ អរគុណច្រើន ចំពោះកិច្ចសហការពីមាតាបិតាសិស្ស ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំសូមលើកទឹកចិត្តប្អូនៗ ឲ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានជ័យលាភី ក្នុងការប្រកួតផ្សេងៗនាពេលខាងមុខនេះ»។
ជាមួយគ្នានេះ លោក អន ហេងសុភ័ក្ត្រ ឪពុករបស់កុមារម្នាក់ ក្នុងចំណោមអ្នកឈ្នះពាន បានសម្តែងសេចក្តីសោមនស្សជាខ្លាំង ដោយសារឃើញកូនរបស់ខ្លួន មានភាពឆ្លាតវៀងវៃ អាចឈ្នះបានពាន ពីការប្រកួតគិតលេខរហ័ស ដែលត្រូវបានរៀបចំឡើង នៅកោះតៃវ៉ាន់លើកនេះ។ ក្នុងនាមជាឪពុកមួយរូប លោកនឹងខិតខំប្រឹងប្រែង លើកទឹកចិត្តកូន និងជំរុញកូនរបស់លោក ឲ្យកាន់តែខិតខំប្រឹងប្រែង រៀនសូត្របន្ថែមទៀត ដើម្បីអនាគតខ្លួនឯង និងដើម្បីប្រទេសជាតិទាំងមូល។
លោក អន ហេងសុភ័ក្ត្រ បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីកូនបានពានរង្វាន់ ពីការប្រឡងគិតរហ័ស នៅកោះតៃវ៉ាន់នេះ ខ្ញុំមានការរំភើបរីករាយ ហើយមានមោទកភាពចំពោះកូន ដែលបានផលដ៏ធំធេង សម្រាប់ខ្លួនឯង សម្រាប់ប្រទេសជាតិ សម្រាប់គ្រួសារ និងអ្នកទាំងអស់គ្នានៅកម្ពុជាទាំងមូល។ ក្នុងនាមមាតាបិតា យើងមានតែការខិតខំប្រឹងប្រែងជំរុញ ដើម្បីឲ្យគាត់ព្យាយាមខិតខំបន្ថែម ធ្វើបានកាន់តែល្អដើម្បីអនាគតគាត់ និងអនាគតប្រទេសជាតិ»។
សូមជម្រាបថា ដើម្បីចូលរួមប្រកួត «គណិតវិទ្យារហ័ស» លំដាប់ពិភពលោកនេះ សិស្សម្នាក់ៗត្រូវឆ្លងកាត់វគ្គជម្រុះ នៅតាមសាលារៀងៗខ្លួនជាមុនសិន។ បន្ទាប់មកទៀត សិស្សទាំងអស់ក៏ត្រូវឆ្លងវគ្គប្រកួត ជម្រុះថ្នាក់ជាតិម្ដងទៀត ជាមួយនឹងសិស្សសាលាដទៃ ដែលមានសិស្សសរុបចំនួន៥០០នាក់ ដែលត្រូវបានរៀបចំដោយ IAMA Cambodia កាលពីចុងខែមិថុនាថ្មីៗនេះ៕