(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព» ដែលធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ ពិធីបិទបញ្ចប់សន្និសីទនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ដោយមានការចូលរួមពីអ្នកចូលរួមជាតិ និងអន្តរជាតិ ជាង ១៥០នាក់។
ក្នុងពិធីបិទសន្និសីទអន្តរជាតិនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក គីម ជីមីន (Kim Ji Min) ឯកអគ្គរដ្ឋទូតស្តីទី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លោក ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា លោកស្រី គីម ជីយូន (Kim Jiyoon) អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការកណ្តាលកយកា លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam)នាយក ការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និង លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
អ្នកចូលរួមទាំងអស់ រួមមាន សមាជិកគណៈកម្មាធិការអន្តរជាតិនៃសារមន្ទីរក្នុងការចងចាំជនរងគ្រោះនៃឧក្រិដ្ឋកម្មសាធារណៈ (ICMEMO) អនុគណៈកម្មាធិការនៃក្រុមប្រឹក្សា អន្តរជាតិសារមន្ទីរ(ICOM) បានមកចូលរួមជួបជុំគ្នា ដែលសន្និសីទអន្តរជាតិត្រូវបានរៀបចំឡើងដោយទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រួមគ្នាជាមួយ អង្គការយូណេស្កូ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(TSGM)។
វាគ្មិនជាតិ និងអន្តរជាតិ គណៈប្រតិភូដែលអញ្ជើញមកពីសារមន្ទីរនានា ជាង ២៥ស្ថាប័នផ្សេងៗគ្នា នៃទ្វីបទាំង៥ ដែលពួកគាត់ធ្វើការទាក់ទងទៅនឹងបណ្ណសារ នៃការកាប់សម្លាប់រង្គាល ឬអំពើប្រល័យពូជសាសន៍ បានចូលរួមក្នុងការផ្លាស់ប្តូរ ចំណេះដឹង ផ្តោតលើប្រធានបទ “ការធ្វើបណ្ណសារឲ្យអាចចូលប្រើប្រាស់បាន - ទិដ្ឋភាពនៃបច្ចេកទេសនិងក្រមសីលធម៌” ។
ព្រឹត្តិការណ៍ជាអន្ដរជាតិនេះ បានប្រារព្ធអស់រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិ ដែលបានផ្តោតលើទិដ្ឋភាពនៃក្រមសីលធម៌ មានបទបង្ហាញពីគម្រោងឌីជីថលនានា ដូចជារបៀបចូលទៅប្រើប្រាស់បណ្ណសារ និងវិធីច្នៃប្រឌិតថ្មី ព្រមទាំងការអនុវត្តដែលល្អបំផុត ដែលជាប់ទាក់ទងទៅនឹងរូបភាពជនរងគ្រោះ និងរឿងរ៉ាវបុគ្គលស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តដែលល្អបំផុត។
ថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីព្រឹត្តិការណ៍នានា ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដ៏ធំធេង សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក ព្រមទាំងផ្តល់នូវវេទិកាមួយ ដើម្បីលើកកម្ពស់ការអប់រំអំពី អំពើប្រល័យពូជសាសន៍ និងលើកកម្ពស់ការកសាងសន្តិភាព និងការផ្សះផ្សាជាតិផងដែរ៕