(កំពង់ឆ្នាំង)៖ ក្មេងស្ទាវ២ក្រុម មានគ្នាប្រហែលជាង១០នាក់ ដែលដេញវាយគ្នាផ្អើលតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ញុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook នោះ នៅពេលនេះកម្លាំងសមត្ថកិច្ចកំណត់អត្ដសញ្ញាណបានហើយ និងកំពុងស្វែងរកចាប់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានអះអាងទៀតថា ជុំវិញករណីប្រើប្រាស់អំពើហិង្សានេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនល្មើសម្នាក់ហើយ និងកំពុងធ្វើការស្រាវជ្រាវបន្ដ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ចំពោះយុវជនទាំង២ក្រុម ដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញកំណត់បានអត្ដសញ្ញាណហើយ និងកំពុងដំណើរការនីតិវិធី សុំដីកាចាប់ខ្លួនពីតុលាការ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ដោយឡែក សម្រាប់ទីតាំងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល និងតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្ត អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ស្នងការនគរបាលខេត្ដ ឲ្យដាក់កម្លាំងការពារ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាប់ជាប្រចាំ៕